ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហាម​អ្នក​តំណាង​រាស្ត្រ​នូវែល​ហ្សេឡង់​៤នាក់​មិន​ឱ្យ​ជាន់​ទឹក​ដី​​ខ្លួនក្រោយ​​ទស្សន​កិច្ច​នៅ​តៃវ៉ាន់

1 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​ហាម​​មិន​ឱ្យ​​​អ្នក​តំណាង​រាស្ត្រ​ជន​ជាតិ​នូវែល​ហ្សេឡង់​បួន​នាក់​​ចូល​ទឹក​ដី​របស់​ខ្លួន (ចិន) ​រយៈ​ពេល​១​ឆ្នាំ​ និង​ទាម​ទារ​ឱ្យ​ពួក​គេ​សូម​អភ័យ​​ទោស​ចំពោះ​កំហុស​ឆ្គង​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជា​ផ្លូវ​ការ​ទៅ​កោះ​តៃវ៉ាន់​។ នេះ​បើយោង​តាម​ការ​ផ្ញើ​កំណត់​ទូត​តាម​រយៈ​ស្ថាន​ទូត​ចិន​ទៅ​មន្ត្រី​រដ្ឋ​សសភា​ និង​បង្ហាញ​ទៅ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AP។ ​មែន​ទែន​ទៅ នេះ​មិន​មែន​ជា​លើក​ទី១​​ទេ​ដែល​ចិន​ចាត់​វិធាន​ការ​យ៉ាង​ដូច្នេះ​។ កាល​ពី​ពេល​កន្លង​មក​អ្នក​តំណាង​រាស្ត្រ​មិន​តិច​នាក់​ឡើយ​​ដែល​ត្រូវ​ចិន​ហាម​ឃាត់​មិន​ឱ្យ​ជាន់​ទឹក​ដី​របស់​ខ្លួន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី សម្រាប់​នូវែល​ហ្សេឡង់​ ចិន​ទើប​តែ​ចាត់​ការ​ករណី​នេះ​ជា​លើកដំបូង​​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​នូវែល​ហ្សេឡង់​ប្រចាំ​រដ្ឋ​ធានី​វេលីង​តុន​បង្ហើប​ឱ្យ​ដឹង​​។ អ្នក​តំណាង​រាស្ត្រ​២​នាក់​ដែល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី​ទាក់​ទង​បាន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​សូម​អភ័យ​ទោស​ជា​ដាច់​ខាត​។ ចំណែក​អ្ន​កតំណាង​រាស្ត្រ​២​នាក់​ទៀត​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ​។ រដ្ឋាភិបាល​នូវែល​ហ្សេឡង់​ថ្លែង​ថា​ខ្លួន​​​សោក​ស្ដាយចំពោះ​ការ​ហាម​ឃាត់​អ្នក​តំណាង​រាស្ត្រ​​​មិន​ឱ្យ​ចូល​ទឹក​ដី​របស់​ចិន​​​។

សូម​រំលឹក​ថា​អ្នក​តំណាង​រាស្ត្រ​ទាំង​៤​​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​តៃប៉ិ​កាល​ពី​ខែ​ឧសភា​។ នេះ​ជា​អ្វី​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ​នូវែល​ហ្សេឡង់​ធ្លាប់​ធ្វើ​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​នូវែល​ហ្សេឡង់​ថា​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ធ្លាប់​ធ្វើ​ដំណើរ​បែប​នេះ​រាប់​ទស​វត្សរ៍​មក​ហើយ​ពុំ​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​។ រដ្ឋាភិបាល​ចិន​ថ្លែង​ថា​កោះ​តៃវ៉ាន់​គ្មាន​សិទ្ធិ​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ណា​ទាំង​អស់​។ ចិន​ចាត់​ទុក​អ្នក​តំណាង​រាស្ត្រ​ណា​ក៏​ដោយ​ដែល​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​​ជា​ការ​មិន​គោរព​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ចិន​ទាល់​តែ​សោះ​​​។

អ្នក​នាំ​ពាក្យ​ដដែល​នេះ​ថ្លែង​ថា​ការ​ធ្វើ​ដំណើរ​ជា​ផ្លូវ​ការ​នោះ​មិន​ពាក់​ព័ន្ធ​នឹង​​នយោ​បាយ​ចិន​តែ១​​ដែល​នូវែល​ហ្សេឡង់​តែង​តែ​ប្រកាន់​យក​តាំង​ពី​​យូរ​មក​​ហើយ​។ ក្នុង​នោះ​មាន​ការ​ទទួល​ស្គាល់​ថា​តៃវ៉ាន់​ជា​ទឹក​ដី​របស់​ចិន​ជា​ដើម​។ នូវែល​ហ្សេឡង់​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២​នៅ​ក្នុង​សាកល​លោក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​កោះ​តៃវ៉ាន់​នោះ​ទេ​។ ចិន​ថា​ប្រសិនបើ​អ្នក​តំណាង​រាស្ត្រ​ទាំង​៤​នាក់​សូម​ទោស​នូវ​ទង្វើ​របស់​ខ្លួន​ ពេល​នោះ​ចិន​សុខ​ចិត្ត​ដក​ចេញ​នូវ​បម្រាម​នោះ​វិញ​៕ ប្រភព AP​