ក្មេងស្រីអភ័ព្វ ម្ដាយឪពុកស្លាប់ចោលជាបន្តបន្ទាប់គ្មានទីជម្រក វិលទៅនៅជាមួយឪពុកចុង ត្រូវបានចាប់រំ.លោ.ភ.ស្ទើររាប់ភ្លេច ក្រោមការគំរាមស.ម្លា.ប់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ខ្លោចចិត្តអាណិតនាងស្ទើរស្រក់ទឹកភ្នែកគ្រប់ៗគ្នា ក្រោយពីបានដឹងពីប្រវត្តិ និងជីវិតរស់នៅរបស់ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដែលត្រូវឪចុងតិរិច្ឆានចាប់នាងរំលោភយ៉ាងឃោរឃៅស្ទើររាប់ភ្លេច ក្រោមការគំរាមសម្លាប់ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៥ រហូតមកមកដល់ចុងខែឧសភា ឆ្នាំ២០២៦ ទើបនាងព្រមទម្លាយ ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនតិរិច្ឆាននោះ ។

រឿងរ៉ាវដ៏សែនឈឺចាប់ និងជូរចត់បំផុតសម្រាប់ក្មេងស្រីដ៏អភ័ព្វនេះ បានកើតឡើងនៅលើទឹកដីជាយដែន ខ្មែរ-ថៃ ក្នុងស្រុកសំពៅលូន ។ នាងបានលាតត្រដាងពីខ្សែជីវិតដ៏កំសត់ និងការឈឺចាប់ ដ៏គួរឲ្យសង្វេគក្រៃលេង ប្រាប់អាជ្ញាធរ និងសមត្ថកិច្ច នៅពេលនាងបានទៅប្ដឹងលោកស្រីមេភូមិនៅថ្ងៃទី២៨ ឧសភា ដែលជាថ្ងៃចុងក្រោយ ដែលនាងបានរួចផុតពីក្រញ៉ាំដៃបីសាចតណ្ហា (ឪពុកចុង) ។
តាមសម្រង់សម្ដីរបស់នាងក្នុងទឹកមុខស្លេកស្លាំងគួរឲ្យអាសូរ ទំនងនាងមិនអាចស៊ូទ្រាំនឹងអំពើសាហាវព្រៃផ្សៃ ការធ្វើទារុណកម្មផ្លូវភេទពីសំណាក់ឪពុកចុង ក្រោមការគំម្រាមកំហែងឥតឈប់ឈរធ្វើឲ្យនាងភ័យរន្ធត់ ទើបនាងសម្រេចចិត្តលួចរត់ចេញពីផ្ទះ ទៅប្ដឹងលោកស្រីមេភូមិសុំឲ្យជួយអន្តរាគមន៍ ។ នេះបើតាមសមត្ថកិច្ចបានស្រង់សម្ដី និងបានសង្កេតផ្ទាល់លើស្ថានភាពរបស់នាង ។ នាងមានអាយុ១២ឆ្នាំ ជាកូនកំព្រា តែបានស្នាក់នៅបណ្ដោះអាសន្ន ជាមួយឪពុកចុងតិរិច្ឆានឈ្មោះ យ៉ុន រឿន អាយុ៥១ឆ្នាំ ។

នាងជាកូនស្រីទោល រស់នៅក្នុងគ្រួសារដ៏ក្រៃក្រមួយ ។ ឪពុករបស់នាងបានស្លាប់ចោលនាង និងម្ដាយ កាលពីប៉ុន្មានឆ្នាំមុន ។ ក្រោយមក ម្ដាយនាងក៏បានប្ដីក្រោយ គឺជនឈ្មោះ យ៉ុន រឿន នេះឯង ។ ប៉ុន្តែជាអកុសល្យ នៅអំឡុងឆ្នាំ២០២៥ កន្លងទៅនេះ ម្ដាយរបស់នាងក៏មានជំងឺឈឺស្លាប់ចោលនាងបាត់ទៅទៀត ធ្វើឲ្យនាងរស់ទាំងលំបាក និងតែលតោលបំផុតជាមួយនឹងឪពុកចុងតិរិច្ឆាន ដែលប្រៀបបានរស់នៅក្នុងមាត់ខ្លា ។ នេះបើតាមលោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន ដែលបានព័រនាដោយសង្ខេបពីប្រវត្តិដ៏កំសត់របស់នាង ដែលនាងបាននិយាយ ពេលនាងដាក់ពាក្យបណ្ដឹងសុំឲ្យលោកស្រីមេភូមិ និងសមត្ថកិច្ចរបស់លោកជួយអន្តរាគមន៍ ។
លោក ទឹម វិឆ័យ បានរៀបរាប់ពីប្រវត្តិកុមារីដ៏អភ័ព្វរូបនេះបន្តទៀតថា ក្រោយពីម្ដាយនាងស្លាប់ចោល កុមារីដ៏កំសត់រូបនេះ ត្រូវបានអ៊ំស្រី ហៅទៅនៅជាមួយ ។ ប៉ុន្តែជាអកុសល្យមិនបានប៉ុន្មានខែផង អ៊ុំស្រីក៏មានជំងឺស្លាប់ចោលកុមារីកំសត់នេះទៀត ។ លោកថា ពេលនោះនាង ស្ថិតក្នុងស្ថានភាពឯកោបំផុត តែលតោល គ្មានទីពឹង គ្មានជម្រកស្នាក់នៅ មិនដឹងទៅណា មកណា ? គ្រានោះ នាងក៏សម្រេចចិត្តវិលទៅសុំជ្រកកោនជាណ្ដោះអាសន្នជាមួយឪពុកចុងក្នុងផ្ទះនៅចម្ការដាច់ឆ្ងាយបន្តិចពីអ្នកភូមិ ។

គ្រានោះហើយ ដែលជាឱកាសឪពុកចុងរបស់នាង ធ្វើបាបនាងតាមអំពើចិត្ត ក្រោមការគំរាមកំហែងអាយុជីវិតនាងស្ទើររាល់ថ្ងៃ ។ លោក ទឹម វិឆ័យ បានបញ្ជាក់ តាមសម្រង់សម្ដីនាងថា នាងត្រូវឪពុកចុងតិរិច្ឆាននេះ ចាប់បង្ខំរំលោភបំពានផ្លូវភេទលើកដំបូង ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃចុងក្រោយ នៃទង្វើរបស់ឈ្មោះ យ៉ុន រឿន ទៅលើនាង។ លោកអធិការបានបញ្ជាក់បន្ថែមថា បើតាមការស្ដាប់ការរៀបរាប់របស់ក្មេងស្រីអភ័ព្វនេះ ទំនងនាងមិនអាចស៊ូទ្រាំនឹងទង្វើព្រៃផ្សៃគ្រប់រូបភាពរបស់ឪពុកចុងរូបនេះបាន នៅថ្ងៃទី ២៨ ឧសភា បន្ទាប់ពីត្រូវជននេះបង្កើនការឈឺចាប់ទៅលើនាងជាថ្ងៃចុងក្រោយ ទើបនាងសម្រេចចិត្ត លួចរត់ចេញពីផ្ទះ ទៅកាន់ផ្ទះលោកស្រីមេភូមិឈើទាល ដើម្បីរាយការណ៍អំពីរឿងអាស្រូវដ៏ទារុណនេះសុំឲ្យជួយនាង ។
ក្រោយពីក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ពីទង្វើព្រៃផ្សៃរបស់ជនឈ្មោះ យ៉ុន រឿន លោកស្រីមេភូមិ ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗដែរ ដើម្បីសមត្ថកិច្ចចាត់ការបន្ត។ បើយោងលើរបាយការណ៍សមត្ថកិច្ច៖ បន្ទាប់ពីទទូលពាក្យបណ្ដឹងកុមារីរងគ្រោះ និងលោកស្រីមេភូមិ មន្ត្រីជំនាញ នៃអធិការស្រុកសំពៅលូន បានធ្វើការស៊ើបអង្កេតបឋមលើករណីនេះ រហូតដល់វេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០២ មិថុនា ទើបកម្លាំងនគរបាលជំនាញអធិការស្រុកសំពៅលូន ចុះទៅអូស.កជនតិរិច្ឆានឈ្មោះ យ៉ុន រឿន នេះដល់ផ្ទះ នាំទៅកាន់អធិការស្រុកតែម្ដង ។

នៅចំពោះមុខសមត្ថិកិច្ច ជននេះបានសារភាពទទួលស្គាល់ថា ខ្លួនបានចាប់បង្ខំរំលោភបំពានផ្លូវភេទលើក្មេងស្រីរងគ្រោះច្រើនលើក តែមិនបានចាំថា បានប្រព្រឹត្តអំពើនេះទៅលើនាងប៉ុន្មានដងទេ ។ ត្រង់ចំណុចនេះ លោក ទឹម វិឆ័យ ក៏បាននិយាយដែរថា បើតាមចម្លើយកុមារីរងគ្រោះ គឺជននេះបានប្រព្រឹត្តទង្វើនេះទៅលើនាងច្រើនលើកណាស់។ ប៉ុន្តែនាងមិនហ៊ានប្ដឹង ឬនិយាយប្រាប់គេឯងឲ្យដឹងទេ ព្រោះជននេះ តែងគំរាមសម្លាប់ផ្ដាច់ផ្ដិលជីវិតនាងរហូត លុះនៅថ្ងៃទី២៨ ឧសភា ដែលជាថ្ងៃនាងរងនូវទារុណកម្មនេះចុងក្រោយដែលនាងស៊ូទ្រាំលែងបាន ទើបនាងសម្រេចលួចរត់ចេញពីផ្ទះ ទៅរកលោកស្រីមេភូមិឲ្យជួយ រហូតត្រូវចាប់ខ្លួនជននេះតែម្ដង ។
ទោះយ៉ាងណា បើតាមសមត្ថកិច្ចបានប្រាប់ថា ពេលនេះ ជនតិរិច្ឆាននោះត្រូវបានមន្ត្រីការិយាល័យជំនាញបញ្ជូនទៅប្រគល់ជូនតុលាការចាត់ការតាមនីតិវិធីហើយ។ ដោយឡែក កុមារីរងគ្រោះត្រូវបានប្រគល់ជូនទៅអាជ្ញាធរដែនដី ដើម្បីដោះស្រាយទីកន្លែងស្នាក់នៅ ដែលមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ