ទីក្រុងហាណូយ ៖ បើតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម (NSO) បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ៤៤៥,១២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២៦ ចំនួននេះឆ្លុះបញ្ចាំងពីការកើនឡើង ២៥ % ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) និងទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ (Xinhua) ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមទិន្នន័យដែលចេញផ្សាយបានបង្ហាញថា ការនាំចេញបានកើនឡើង ១៩,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដល់ជាង ២១៥,៦៦ ពាន់លានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ៣០,៨% ដល់ ២២៩,៤៦ ពាន់លានដុល្លារ។ តាមរយៈតួលេខនេះ បានប្រែក្លាយទៅជាឱនភាពពាណិជ្ជកម្មសម្រាប់រយៈពេលប្រាំខែដំបូងនេះមានចំនួន ១៣,៨ ពាន់លានដុល្លារ បើធៀបទៅនឹងអតិរេកចំនួន ៥,១ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ជាមួយទំហំទឹកប្រាក់ឈានដល់ ៦៩,៦ ពាន់លានដុល្លារ ខណៈប្រទេសចិនគឺជាប្រភពនាំចូលធំបំផុតដែលមានទំហំទឹកប្រាក់ ៩២,៦ ពាន់លានដុល្លារ។
អតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានកើនឡើង ២១,១% បើធៀបនឹងឆ្នាំមុន ដល់ ៦០,៤ ពាន់លានដុល្លារ។ ប្រទេសវៀតណាមក៏បានកត់ត្រានូវអតិរេកពាណិជ្ជកម្មចំនួន ១៨,១ ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប (EU) ពោលកើនឡើង ១១,៣% និង ០,៨ ពាន់លានដុល្លារជាមួយជប៉ុន ដែលធ្លាក់ចុះ ១៣,២%។ ទន្ទឹមនឹងនេះ ឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនបានកើនឡើងដល់ ៦២,៥ ពាន់លានដុល្លារ, កូរ៉េខាងត្បូង ២១,១ ពាន់លានដុល្លារ និងអាស៊ាន ៨,៦ ពាន់លានដុល្លារ។
លោកស្រី ង្វៀន ធី ហួង (Nguyen Thi Huong) ប្រធានការិយាល័យស្ថិតិជាតិបានថ្លែងថា ប្រទេសវៀតណាមចាំបាច់ត្រូវមានវិធានការបន្ថែមទៀត ដើម្បីជំរុញការនាំចេញ កែលម្អគុណភាពផលិតផល បង្កើនការចូលរួមក្នុងខ្សែសង្វាក់តម្លៃទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តាញផលិតកម្ម និងទីផ្សារនាំចេញ។
លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពង្រីកការនាំចេញទៅកាន់ទីផ្សារធំៗ ស្វែងរកគោលដៅថ្មីៗដែលមានសក្តានុពល ព្រមទាំងជួយអាជីវកម្មនានាឱ្យឆ្លើយតបទៅនឹងស្តង់ដារទីផ្សារដែលកំពុងផ្លាស់ប្តូរ ក៏ដូចជាការប្រឆាំងការលក់បង្ខូចតម្លៃ និងអនុវត្តបច្ចេកវិទ្យាកម្រិតខ្ពស់ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញកំណើននាំចេញ៕


ចែករំលែកព័តមាននេះ