ថ្នាំដ៏មានប្រសិទ្ធភាពមួយ សម្រាប់ព្យាបាលជំងឺមហារីកអូវែរ ដែលមានប្រសិទ្ធភាពស្រាលជាងមុន និងពន្យារអាយុជីវិត ឥឡូវនេះ មានលក់នៅលើ NHS ។ នេះបើតាមការចុះផ្សាយរបស់ BBC News ។

ថ្នាំនេះ ដែលមានឈ្មោះថា mirvetuximab soravtansine ត្រូវបានគេស្គាល់ថា ជា «មីស៊ីលជីវសាស្ត្រ» ព្រោះវាបញ្ជូនថ្នាំគីមីដោយផ្ទាល់ទៅកាន់ជាលិកាមហារីក ជាជាងទៅកាន់រាងកាយទាំងមូល ដែលកាត់បន្ថយផលប៉ះពាល់ដែលធ្វើឱ្យអ្នកជំងឺចុះខ្សោយ ។
អ្នកជំងឺ លោកស្រី Patricia Hill អាយុ៦៤ឆ្នាំ បាននិយាយថា លោកស្រីអាចមានលទ្ធភាពដើរហើរទៅណាទិសទីបានតាមចិត្ត ដូចជាការធ្វើដំណើរទៅសួរសុខទុក្ខ និងលេងកម្សាន្តជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូន ឬសូម្បីតែការចំណាយពេលទំនេរទៅមើលកុននៅរោងភាពយន្តជាដើម។
លោកស្រីPatricia មកពីភាគខាងជើងទីក្រុងឡុងដ៍ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺនេះនៅឆ្នាំ2023 ហើយបានទទួលការព្យាបាលដោយប្រើគីមីច្រើនលើកច្រើនសារ ។ នាងបានចាប់ផ្តើមប្រើថ្នាំ mirvetuximab នៅក្នុងខែមករា ឆ្នាំនេះ ។
នាងបាននិយាយថា ភាពខុសគ្នាគឺដូចយប់និងថ្ងៃ ហើយការព្យាបាលបានផ្ដល់ឱ្យនាងនូវ «ជីវិតរបស់ខ្ញុំបានត្រឡប់មកវិញ» ។ នាងមានអារម្មណ៍អស់កម្លាំង និងមិនស្រួលខ្លួនតិចជាងពេលព្យាបាលដោយគីមីស្តង់ដារ ដូច្នេះ នាងមានអារម្មណ៍ «ធូរស្រាលច្រើន» ។
ថ្នាំ mirvetuximab ពន្យារអាយុជីវិត ចាប់ពី12.8ខែ លើការព្យាបាលដោយគីមីដល់16.5ខែ លើការព្យាបាលជាមធ្យម ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ។ វាមានផលប៉ះពាល់តិចជាងមុន ស្ត្រីអាចរក្សាសក់របស់ពួកគេបាន ហើយវាត្រូវបានផ្តល់ឲ្យដោយការចាក់ថ្នាំរៀងរាល់បីសប្តាហ៍ម្តង ជំនួសឲ្យការចាក់ថ្នាំគីមីជាប្រចាំសប្តាហ៍ ។
សូមបញ្ជាក់ថា មានអ្នកជំងឺរហូតដល់៤០០នាក់ក្នុងមួយឆ្នាំនៅប្រទេសអង់គ្លេស អាចទទួលបានអត្ថប្រយោជន៍ពីការព្យាបាលថ្មីនេះ ។ ជាលើកដំបូង សម្រាប់ជំងឺមហារីកអូវែរដែលពិបាកព្យាបាលក្នុងរយៈពេល២០ឆ្នាំ ។ មានករណីមហារីកអូវែរជិត៧.៧៥០ករណី នៅចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ ។

ចែករំលែកព័តមាននេះ