មន្ត្រីនគរបាលចរាចរណ៍ស្ត្រីម្នាក់ត្រូវម្ចាស់បំណុលបរិហារតាមហ្វេសប៊ុក
- សៀមរាប
ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បានបង្ហាញថា បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ Sok Chea បង្ហោះខ្លឹមសារដោយពាក្យសម្ដីធ្ងន់ៗពិបាកស្ដាប់ ជាមួយនឹងការបង្ហោះរូបភាពមន្ត្រីនគរបាលស្ត្រីស្លៀកពាក់ឯក សណ្ឋាននគរបាលចរាចរណ៍ ព្រមទាំងអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនសម្រាប់មន្ត្រីនគរបាល ភ្លាមៗត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ ចាត់ឱ្យផែនការងារធនធានមនុស្ស អញ្ជើញមន្ត្រីនគរបាលស្ត្រីដែលពាក់ព័ន្ធខាងលើ មកធ្វើការបំភ្លឺនៅការិយាល័យបុគ្គលិក ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបានបន្តថា ក្រោយពីបានអញ្ជើញស្ត្រីជានគរបាលខេត្តរូបនេះមកបំភ្លឺ ជាលទ្ធផលបង្ហាញថា រូបគាត់ពិតជាបានជំពាក់លុយគេប្រាកដមែន ។
បើតាមអ្នកនាំពាក្យបញ្ជាក់ថា ទោះបីករណីនេះ ជារឿងឯកជន(បុគ្គល) មិនជាប់ពាក់ព័ន្ធនឹងអង្គភាពក៏ដោយ ប៉ុន្តែលោកឧត្តមសេនីយ៍ទោស្នងការ ក្នុងនាម ជាប្រធានអង្គភាព ក៏មិនបានព្រងើយកន្ដើយឡើយ គឺបានធ្វើការណែនាំឱ្យបុគ្គលជាមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើការដោះស្រាយជាមួយម្ចាស់បំណុលជាមុនសិន ទៅតាមអ្វីដែលខ្លួនពាក់ព័ន្ធ ។
ក្នុងករណីមានកំហុសខុសឆ្គងណាមួយលើសពីនេះ អង្គភាពនឹងអនុវត្តវិន័យទៅតាមបទវិន័យនគរបាលជាតិកម្ពុជា ៕

ចែករំលែកព័តមាននេះ