ខេត្តស្វាយរៀង ៖ តាមសេចក្ដីរាយការណ៍បឋមពីកន្លែងកើតហេតុថា មានករណីក្រឡាប់រថយន្ដ១គ្រឿង ដែលដឹកកម្មករ-កម្មការិនីរោងចក្រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុករំដួល ដើម្បីសង្គ្រោះ ។
ករណីនេះ កើតឡើងនៅវេលាម៉ោង៦និង១៤នាទីព្រឹកថ្ងៃទី០៤ មិថុនា ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នពេលជួបឧបសគ្គ ម៉ូតូនៅពីមុខ ក៏បើកគេចជៀសម៉ូតូ ទើបបណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់កម្មករ-កម្មការិនី ចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល សរុប២៥នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ ខណៈអ្នកជិះក្នុងរថយន្ដ សរុបទាំងអស់៤០នាក់ (រថយន្ត២៥កៅអី) ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មកររោងចក្រនេះ គឺជិះរថយន្ដធ្វើដំណើរទៅកន្លែងធ្វើការ ហើយអ្នកបើកបររថយន្ដ ដឹកហួសចំណុះ (រថយន្តធូរីស ២៥កៅអី កែច្នៃដឹកដល់៤០នាក់) ។ ទោះបីយ៉ាងណា ករណីនេះ នៅមិនទាន់បានបញ្ជាក់ជាផ្លូវការណាមួយពីមន្ត្រីអាជ្ញាធរមូលដ្ឋាននៅឡើយទេ កំពុងធ្វើការវាស់វែង និងស៊ើបសួរព័ត៌មានបន្ថែម ៕










ចែករំលែកព័តមាននេះ