ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ អាចនឹងលេចរូបរាងឡើងនៅចុងសប្ដាហ៍នេះ​

2 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖​ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ការចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ កំពុងប្រព្រឹត្តទៅ «យ៉ាងល្អប្រសើរ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនានេះ។

លោកបានទម្លាយថា គិតមកទល់ពេលនេះ ទីក្រុងតេហេរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យមន្ត្រីជំនាញអាម៉េរិក ចូលរួមសហការជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីចូលទៅក្នុងប្រទេស និងធ្វើការកាយប្រមូលយកសារធាតុនុយក្លេអ៊ែរដែលត្រូវបានកប់លាក់នៅក្រោមដីឡើងវិញ ភ្លាមៗបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់។

ទោះបីជាមានការវាយប្រហារគ្នាជាបន្តបន្ទាប់នៅក្នុងតំបន់ឈូងសមុទ្រក៏ដោយ លោក ត្រាំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ ដែលបានអនុវត្តកាលពីដើមខែមេសា នៅតែមានសុពលភាព។ លោកបានបង្ហើបថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយអាចនឹងត្រូវសម្រេចបាន «នៅចុងសប្ដាហ៍នេះ» ពីព្រោះការចរចាកំពុងមានវឌ្ឍនភាពទៅមុខយ៉ាងលឿន បើទោះបីជាមន្ត្រីអ៊ីរ៉ង់ធ្លាប់បានផ្លាស់ប្តូរចិត្តពីរបីដងរួចមកហើយក្តី។ ជាមួយគ្នានោះ លោកបាននិយាយបែបកំប្លែងលាយឡំការពិតថា «ការឈប់បាញ់នៅតំបន់នោះ គឺខុសពីតំបន់ផ្សេងទៀត… វាមានន័យថាជាការបាញ់ប្រហារគ្នា ក្នុងកម្រិតមធ្យម ឬស្រាលជាងមុនតែប៉ុណ្ណោះ»។

ដោយឡែក ស្របពេលដែលលោក ត្រាំ បង្ហាញក្តីសង្ឃឹមខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានចេញផ្សាយថា កងទ័ពជើងទឹករបស់ខ្លួនបានបើកការវាយប្រហារចំ «មជ្ឈិមបញ្ជាការ» លើនាវាបំផ្លិចបំផ្លាញរបស់អាម៉េរិកមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ដើម្បីសងសឹកនឹងការរំលោភបំពានរបស់អាម៉េរិកនៅច្រកសមុទ្រ Hormuz។ យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក ​បានចេញមុខបដិសេធទាំងស្រុងនៅលើបណ្តាញសង្គម X ដោយអះអាងថាព័ត៌មាននៃការវាយប្រហារលើនាវាអាម៉េរិកនោះ មិនមែនជាការពិតឡើយ៕