ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន ចុះ​កិច្ចព្រមព្រៀង ​ស្តី​ពី​មូលនិធិ​ពិសេសសម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេ​គង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៦

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កម្ពុជា និង​ចិនបាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តី​ពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៦ ចំនួន​៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ ១.៩៨០.០០០ដុល្លារ​អាម៉េរិក​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ។

ប្រភព​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហ​ប្រតិ​បត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិ​ន​ពី​ន (WANG Wenbin) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ ស្តី​ពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហ​ប្រតិបត្តិការ​​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៦ ចំនួន​៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ ១.៩៨០.០០០ដុល្លារ​អាម៉េរិក ។

កិច្ច​សហប្រតិបត្តិការ​រួម​មាន ​៖
១. សហគ្រាស​កសិករ​ផលិត​ផ្សិត​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ខេត្តកណ្តាល​។
២. ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ និង​ចែកចាយ​ទឹក​ស្អាត​ដើម្បី​អនាគត ទាំងអស់​គ្នា – ដំណាក់កាល​ទី​២​។
៣. ការ​ពង្រីក​លទ្ធភាព​ឈាន​ចូល​ទីផ្សារ​តំបន់​តាម​រយៈ​នវានុវត្តន៍​សំបក​វេច​ខ្ចប់ នៅ​ក្នុង​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង
៤. គម្រោង​លុប​បំបាត់​ជំងឺ​រលាក​ថ្លើម
៥. ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ទេសចរណ៍​សហគមន៍​មេគង្គ​-​ឡាន​ឆាង​៖ ការ​ត្រៀមខ្លួន​សម្រាប់​ទទួល ភ្ញៀវ​ទេសចរ​ចិន​។
៦. ការ​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​បៃតង និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល សម្រាប់​វិស្វករ​ក្នុង​បណ្តា​ប្រទេស អនុ​តំបន់​មេគង្គ
៧. ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​៖ គម្រោងការ​លើកកម្ពស់​សមត្ថភាព​ទិន្នន័យ​ទឹក និង កិច្ច​សន្ទនា​ថ្នាក់​តំបន់ ក្រោម​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ គម្រោង​ទាំងនេះ​នឹង​រួមចំណែក​ដល់​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​ជា​អាទិភាព​របស់​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ រួម​មាន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​អភិវឌ្ឍ​ជនបទ សុខាភិបាល ទេសចរណ៍ និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ ។

សូម​ជម្រាប​ថា ​ចាប់តាំងពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បានការ​គាំទ្រ​ថវិកា​សម្រាប់​គម្រោង​ចំនួន ១១៣ ក្រោម​មូលនិធិ ពិសេស​សម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ដោយ ជោគជ័យ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា និង​ចិន ក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​នៃ​សន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំងអស់​ ៕