ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លែងរួចខ្លួនហើយ! វៀតណាមប្រើដ្រូន​ AI តាមឃ្លាំមើលការស្ទះចរាចរណ៍ និងការចោលសំរាមពាសវាលពាសកាល​

1 ម៉ោង មុន

ទីក្រុងហាណូយ៖ ស្នងការដ្ឋាននគរបាលទីក្រុងហាណូយ ប្រទេសវៀតណាម បានចាប់ផ្ដើមបើកយុទ្ធនាការសាកល្បងប្រើប្រាស់យានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដាន និងរកឱ្យឃើញនូវរាល់បទល្មើសចរាចរណ៍ ការរំលោភយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម និងការលួចចោលសំរាមខុសច្បាប់។ ប្រតិបត្តិការសាកល្បងល្បាតតាមអាកាសនេះ ត្រូវបានធ្វើឡើងដំបូងនៅក្នុងសង្កាត់ស្នូលកណ្ដាលក្រុង គឺតំបន់ ហ័ន​គាម និងតៃហូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នាពេលថ្មីៗនេះ។

ឧបករណ៍ដ្រូនឆ្លាតវៃទាំងនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយរបស់វៀតណាម ដោយមានបំពាក់កាមេរ៉ាកម្រិតច្បាស់ខ្ពស់​ សេនស័រចាប់រូបភាព ប្រព័ន្ធរុករក និងបច្ចេកវិទ្យា AI។ ទិន្នន័យទាំងអស់ដែលដ្រូនថតបាន នឹងត្រូវបញ្ជូនមកកាន់នាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលសណ្តាប់ធ្នាប់សង្គម នាយកដ្ឋាននគរបាលចរាចរណ៍ និងប៉ុស្តិ៍នគរបាលមូលដ្ឋានភ្លាមៗតាមពេលវេលាជាក់ស្តែង​។ ប្រព័ន្ធ AI នេះ អាចបង្ហាញទីតាំង និងកម្រិតអាទិភាពនៃឧប្បត្តិហេតុមិនប្រក្រតីនានាដោយស្វ័យប្រវត្តិ ហើយបន្ទាប់ពីការផ្ទៀងផ្ទាត់រួច ព័ត៌មាននឹងត្រូវបញ្ជូនទៅកាន់មន្ត្រីនគរបាលដែលកំពុងឈរជើងនៅលើដី ដើម្បីចុះអន្តរាគមន៍ភ្លាមៗ។

ការប្រើប្រាស់ដ្រូនល្បាតពីលើអាកាសបែបនេះ ជួយឱ្យអាជ្ញាធរមានលទ្ធភាពមើលឃើញ និងគ្រប់គ្រងតំបន់បានធំទូលាយជាងវិធីសាស្ត្រដើរល្បាតតាមម៉ូតូ ឬរថយន្តដូចមុន។ ក្រៅពីការចាប់បទល្មើស ប៉ូលិសក៏កំពុងធ្វើការសាកល្បងមើលពីលំនឹង និងភាពធន់របស់ដ្រូននៅក្នុងលក្ខខណ្ឌអាកាសធាតុមានខ្យល់បោកបក់ខ្លាំងផងដែរ។

យុទ្ធនាការសាកល្បងនេះ នឹងត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ហើយរបាយការណ៍វាយតម្លៃនឹងត្រូវដាក់ជូនក្រសួងនគរបាលវៀតណាម នៅក្នុងខែកញ្ញា ដើម្បីពិនិត្យ និងសម្រេចលើការដាក់ពង្រាយប្រើប្រាស់ជាផ្លូវការនៅទូទាំងប្រទេស៕