ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើអាចញ៉ាំកាហ្វេជំនួសទឹកស្អាតបានទេ? ការពិតដ៏គួរឱ្យខ្លាចចំពោះ “អ្នកញៀនកាហ្វេ” ដែលចូលចិត្តញ៉ាំច្រើនកែវក្នុងមួយថ្ងៃ

4 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលនិយមធ្វើការយប់ជ្រៅ ឬត្រូវការភាពស្វាហាប់ ការញ៉ាំកាហ្វេ ៦ ទៅ ៧ កែវ ឬលើសពីនេះក្នុងមួយថ្ងៃ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលនិយមធ្វើការយប់ជ្រៅ ឬត្រូវការភាពស្វាហាប់ ការញ៉ាំកាហ្វេ ៦ ទៅ ៧ កែវ ឬលើសពីនេះក្នុងមួយថ្ងៃ អាចមើលទៅជារឿងធម្មតា។ ប៉ុន្តែតាមក្បួនវេជ្ជសាស្ត្រ ការប្រើប្រាស់កាហ្វេដើម្បីជំនួសទឹកស្អាត គឺជាទម្លាប់ដ៏គ្រោះថ្នាក់បំផុតដែលកំពុងយាយីសុខភាពបេះដូង និងសរសៃឈាមរបស់អ្នកដោយមិនដឹងខ្លួន។

ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេ ដើរតួជាសារធាតុរំញោចប្រព័ន្ធប្រសាទ ដែលធ្វើឱ្យចង្វាក់បេះដូងលោតញាប់ និងឡើងសម្ពាធឈាមមួយរំពេច។ សម្រាប់អ្នកដែលមានបញ្ហាសរសៃឈាមបេះដូងស្រាប់ ការកើនឡើងសម្ពាធឈាមភ្លាមៗបែបនេះ អាចបង្កឱ្យមានការឈឺទ្រូងខ្លាំង ឬឈានដល់ការគាំងបេះដូង​។ លើសពីនេះ កាហ្វេដែលឆុងតាមបែបតម្រង​មានផ្ទុកសារធាតុម្យ៉ាងដែលបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម ដែលជាដើមហេតុធ្វើឱ្យសរសៃឈាមរឹង និងស្ទះ។ ការសិក្សាបង្ហាញថា ការញ៉ាំកាហ្វេលើសពី ៥ កែវក្នុងមួយថ្ងៃ អាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួនកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ក្រៅពីប៉ះពាល់បេះដូង ការញ៉ាំកាហ្វេច្រើនជ្រុលក៏រំខានដល់ដំណេកយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាតិកាហ្វេអ៊ីនទៅទប់ស្កាត់អ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូនជួយឱ្យគេងលក់ និងជួយការពារប្រព័ន្ធបេះដូង។ នៅពេលអ្នកញ៉ាំកាហ្វេជំនួសទឹក រាងកាយនឹងស្ថិតក្នុងស្ថានភាពតានតឹងជានិច្ច បង្កឱ្យមានការរលាកក្នុងរាងកាយ និងប៉ះពាល់ដល់តុល្យភាពជាតិស្ករក្នុងឈាម ដែលនាំឱ្យកើតមានជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗទៀត។

ដើម្បីសុវត្ថិភាព អ្នកជំនាញផ្ដល់អនុសាសន៍ថា មនុស្សទូទៅមិនគួរញ៉ាំជាតិកាហ្វេអ៊ីនលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃឡើយ (ប្រហែល ៣ ទៅ ៤ កែវល្មម)។ ពេលវេលាដែលល្អបំផុតក្នុងការញ៉ាំកាហ្វេ គឺនៅពេលព្រឹក​ និងគួរចៀសវាងការញ៉ាំក្រោយម៉ោង ៤ រសៀល។ អ្វីដែលសំខាន់បំផុត “កាហ្វេមិនអាចជំនួសទឹកស្អាតបានដាច់ខាត”។ អ្នកគួរញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ដើម្បីជួយឱ្យរាងកាយមានសំណើម និងជួយឱ្យតម្រងនោមធ្វើការបានល្អ ស្របពេលដែលអ្នកនៅតែអាចរីករាយជាមួយរសជាតិកាហ្វេក្នុងបរិមាណសមល្មម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ