សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតត្រូវបានគេប្រសិទ្ធនាមថាជា “កំពូលអាហារ”ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ វីតាមីន A, B, D និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ខួរក្បាល និងភ្នែក។ ប៉ុន្តែសំណួរដែលមនុស្សភាគច្រើនចង់ដឹងគឺ៖ “តើញ៉ាំប៉ុន្មានគ្រាប់ទើបល្អបំផុត?” ចម្លើយគឺអាស្រ័យលើសុខភាពបុគ្គលម្នាក់ៗ។
សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ គ្មានជំងឺប្រចាំកាយ ការញ៉ាំស៊ុត ១ គ្រាប់ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាមានសុវត្ថិភាព និងផ្ដល់ផលល្អដល់រាងកាយ។ ដោយឡែក សម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ដូចជាអ្នកមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬលើសជាតិខ្លាញ់ អ្នកជំនាញណែនាំឱ្យកម្រិតការញ៉ាំត្រឹមតែ ២ ទៅ ៣ គ្រាប់ក្នុងមួយសប្តាហ៍ ប៉ុណ្ណោះ ដើម្បីជៀសវាងការកើនឡើងកូឡេស្តេរ៉ុលដែលប៉ះពាល់ដល់សរសៃឈាម។
ចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) លើកទឹកចិត្តឱ្យមានការញ៉ាំស៊ុតជាប្រចាំ ដើម្បីជួយដល់ការលូតលាស់រាងកាយ និងខួរក្បាល។ ប៉ុន្តែត្រូវចាំថា ស៊ុតគ្រាន់តែជាផ្នែកមួយនៃប្រភពប្រូតេអ៊ីនប៉ុណ្ណោះ។ ដើម្បីទទួលបានសុខភាពល្អពេញលេញ អ្នកគួរញ៉ាំស៊ុតឆ្លាស់គ្នាជាមួយសាច់សត្វមិនជាប់ខ្លាញ់ គ្រឿងសមុទ្រ និងសណ្ដែកគ្រប់ប្រភេទ ដើម្បីឱ្យរាងកាយទទួលបានជីវជាតិចម្រុះ។
ជារួមមក ចំនួនស៊ុតដែល “ល្មម” គឺអាស្រ័យលើរបបអាហារសរុបរបស់អ្នក។ ប្រសិនបើអ្នកញ៉ាំអាហារដែលមានជាតិខ្លាញ់ឆ្អែតច្រើនស្រាប់ អ្នកគួរកាត់បន្ថយការញ៉ាំស៊ុត។ ផ្ទុយទៅវិញ ប្រសិនបើអ្នកញ៉ាំបន្លែច្រើន និងហាត់ប្រាណទៀងទាត់ ការញ៉ាំស៊ុត ១ គ្រាប់ជារៀងរាល់ព្រឹក គឺជាថាមពលដ៏អស្ចារ្យសម្រាប់ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក៕
ចែករំលែកព័តមាននេះ