រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជារកអ្នកលួចនាំប្រេងពីប្រទេសថៃ បើរកឃើញក្រុមហ៊ុនត្រូវដកអាជ្ញាប័ណ្ណ បើមន្ត្រីដកតួនាទី ។
ការចេញបតបញ្ជារបស់សម្តេចធិបតី បន្ទាប់ពីសម្តេចឃើញមានការផ្សាយព័ត៌មានថៃថា កម្ពុជាមានករណីលួចនាំចូលប្រេងពីប្រទេសថៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា៖«ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃ ចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ ។

សម្តេចធិបតី បានបញ្ជាក់ថា៖ «ខ្ញុំបានចេញបទបញ្ជាឲ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់» ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖«ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត ។ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថា បុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ» ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ ៕
ចែករំលែកព័តមាននេះ