សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់បានបាញ់ស្រោចមីស៊ីលថ្មីៗលើអ៉ីស្រាអែល នាថ្ងៃទី៣ មេសា ទោះបីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ គំរាមវាយប្រហារបណ្ដាស្ពាន និងបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ក្ដី ។

នាព្រឹកព្រលឹមថ្ងៃទី៣ មេសា ក្រុងតែលអាវីវរងការវាយប្រហារថ្មី ដោយមីស៊ីលអ៉ីរ៉ង់ដែលតាមពួកអ្នកជួយសង្គ្រោះថា មិនបណ្ដាលឲ្យមានជនរងគ្រោះណាម្នាក់ឡើយ។ កងទ័ពអ៉ីស្រាអែលមិនបានបញ្ជាក់ពីកន្លែងរងការវាយប្រហារឡើយ តែវិទ្យុយោធាអ៉ីស្រាអែលរៀបរាប់ពីការខូចខាតនានា ក្នុងស្ថានីយរថភ្លើងមួយកន្លែងនៃក្រុងតែលអាវីវ ។ តាមបណ្ដាសារព័ត៌មានអ៉ីរ៉ង់ថា កងឆ្មាំបដិវត្តន៍បានបាញ់បណ្ដាមីស៊ីលរយៈឆ្ងាយសំដៅទីក្រុងនោះនិងក្រុងEILAT ភាគខាងត្បូងប្រទេស។

គុយវ៉ែតក៏ដូចជានៅប្រទេសដទៃៗទៀតនៅតំបន់ឈូងសមុទ្រពែរ្ស៍ដែរ រងការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ស្ទើររាល់ថ្ងៃ រួចរងការវាយប្រហារដោយមីស៊ីល និងដ្រូនអ៉ីរ៉ង់បន្តទៀត នាព្រឹកថ្ងៃទី៣មេសា។ ស្នូរស៊ីរ៉ែនប្រកាសអាសន្នលាន់ឮនៅបារ៉ែន ហើយនៅគុយវ៉ែតរោងចក្រចម្រាញ់ប្រេងកាតមួយរងការឆាបឆេះ ក្រោយរងការវាយប្រហាររបស់អ៉ីរ៉ង់។

ដោយសារតែអ៉ីរ៉ង់មិនព្រមចុះញ៉ម ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅបន្តគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់ដោយលោកថា នឹងវាយកម្ទេចស្ពានបន្ទាប់មកបណ្ដាទីតាំងអគ្គិ្កសនី ទោះបីអំពើបែបនេះត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្ក្រាមក្ដី ៕
ចែករំលែកព័តមាននេះ