ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​ដាស់​ស្មារតី​ជាតិ» ធ្វើ​ឡើងដើម្បី​រំឭក និង​ចង​ចាំ​អំពី​អតីតកាល​ដ៏​ជូរចត់ ដែល​ប្រជាជន​កម្ពុជា​ទាំងមូលបាន​ឆ្លងកាត់​រួម​គ្នា

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​កម្មវិធី «​ដាស់​ស្មារតី​ជាតិ-Day of Reckoning» ធ្វើ​ឡើង​ក្នុង​គោល​បំណ​ង ដើម្បី​រំឭក និង​ចង​ចាំ​អំពី​អតីតកាល​ដ៏​ជូរ​ចត់ ដែល​ប្រជាជន​កម្ពុជា​ទាំងមូល បាន​ឆ្លងកាត់​រួម​គ្នា ​។

ព្រឹត្តិការណ៍ «​ដាស់​ស្មារតី​ជាតិ​» រៀបចំ​ឡើង​ដោយសហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​ស​.​ស​.​យ​.​ក​) នៅ​ល្ងាច​ថ្ងៃ​ទី២៨ ខែឧសភា​ ឆ្នាំ​២០២៦ គឺ​ធ្វើ​ឡើងចំ​ថ្ងៃ​ខួប​១​ឆ្នាំ នៃ​លួច​ការ​បាញ់​ដោយ​ខុសច្បាប់ ពី​សំណាក់​យោធា​ថៃ លើវីរ​កងទ័ព​កម្ពុជា ១​រូប ​។

ឯកឧត្តម ​ហ៊ុន ម៉ា​នី ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើង​ថា គោលបំណង​តែ​មួយ​គត់​នៃ​កម្មវិធី «​ដាស់​ស្មារតី​ជាតិ-Day of Reckoning» គឺ​នាំ​មក​នូវ​ការ​ជួបជុំ​ក្រោម​ដំបូល​តែ​មួយ ដើម្បី​រំឭក និង​ចង​ចាំ​អំពី​អតីតកាល​ដ៏​ជូរ​ចត់ ប៉ុន្តែ​ពោរពេញ​ដោយ​មនោសញ្ចេតនា ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​អស្ចារ្យ ​ដែល​ប្រជាជន​កម្ពុជា​ទាំងមូល បាន​ឆ្លងកាត់​រួម​គ្នា ក្នុង​នាម​ជា​ប្រជាជាតិ​មួយ ​។

ឯកឧត្តម​ បាន​បន្ត​ថា ​កម្ពុជា​ផ្តល់​តម្លៃ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សន្តិភាព ​ដែល​យើង​សម្រេច​បាន​ដោយ​លំបាក​នេះ​។ សន្តិភាព គឺជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា ​តែង​បន្ត​ការពារ ថែរក្សា និង​ប្រកាន់ខ្ជាប់​ជា​និច្ច ព្រម​ជាមួយនឹង​ស្មារតី ​នៃ​ការ​រួមរស់​ជាមួយ​គ្នា ​ប្រកបដោយ​សន្តិ​សហ​វិជ្ជមាន និង​កិច្ច​សហប្រតិបត្តិការ​ល្អ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រែក្លាយ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ដើម្បី​ឧត្តម​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ​។

កម្មវិធី «​ដាស់​ស្មារតី​ជាតិ​» នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​ចង​ចាំ​ពី​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់ និង​ប្រែក្លាយ​ការ​ឈឺចាប់​ក្នុង​អតីតកាល​ឱ្យទៅ​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ប្រជាជន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​កសាង​ជាតិ​ឱ្យ​កាន់តែ​រឹង​មាំ ដោយ​បញ្ចៀស​ដាច់ខាត​នូ​ង​ទស្សនៈ​ជ្រុលនិយម និង​ការ​គុំកួន​សង​សឹក ​។

មិនតែប៉ុណ្ណោះ កម្មវិធី «​ដាស់​ស្មារតី​ជាតិ​» ដ៏​ឧឡា​រឹក​នេះ ក៏​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ពី​ដំណើរ​ជាតិ​កម្ពុជា ដែល​រួម​មានការ​ធ្លាក់​ចុះ​ នៃ​សង្គម​ជាតិ សោកនាដកម្ម ភាព​សោក​សង្រេង និង​ការ​ងើបឡើង​វិញ ជាមួយនឹង​វឌ្ឍនភាព​ជា​បន្តបន្ទាប់ ​នៃ​ប្រជាជាតិ​កម្ពុជា​សម័យ​ទំនើប រហូត​ដល់​ព្រឹត្តិការណ៍​ឈ្លានពាន​ដែន​អធិបតេយ្យភាព​ខ្មែរ​ក្នុង​ឆ្នាំ​២០២៥ កន្លង​មកនេះ ​។

នៅ​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃនេះ មានការ​ដាក់​តាំង​បង្ហាញ​នូវ​ផ្ទាំងគំនូរ​ដែល​លាតត្រដាង​នូវ​ការ​ពិត ដែល​កម្ពុជា​បាន​ជួប​ប្រទះ​កាលពី​ក្នុង​ឆ្នាំ​២០២៥ និង​មាន​ទីតាំង​គោរព​វិញ្ញាណក្ខន្ធ​ដល់​កងកម្លាំង​ ដែល​បាន​ពលី​ជីវិត​ក្នុង​ការ​ការពារ​ជាតិ ការ​តាំង​បង្ហាញ​ពី​សំណល់​សង្គ្រាម ឯកសណ្ឋាន​របស់​កងកម្លាំង​ដែល​បាន​ពលី ទង់ជាតិ​កម្ពុជា ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​យោធា​ថៃ បំណែក​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បែកបាក់ និង​ខូចខាត​ដោយសារ​សង្គ្រាម​ ​។

បន្ថែម​ពីលើ​នេះ អ្នកចូលរួម​ទាំងអស់​ បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ឆ្ពោះទៅ​មុខជា​ប្រជាជាតិ​តែ​មួយ​នៅ​លើ​ផ្ទាំង​មួយ​ដែល​ត្រូវ​បាន​រៀបចំ ការ​ដង្ហែ​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការ​ចាក់ខ្សែ​វី​ដេ​អូ រួម​ទាំង​ការ​សម្ដែង​ទស្សនី​យ​ភាព​ដែល​រំលេច​ពី​អត្តសញ្ញាណ និង​មោទនភាព​ជាតិ​ផង​ដែរ ​៕