ទីក្រុងវ៉ាស៊ីនតោន៖ បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកចេញមុខបដិសេធយ៉ាងដាច់អហង្ការថាគ្មានករណីយន្តហោះរបស់ខ្លួនត្រូវអ៊ីរ៉ង់បាញ់ធ្លាក់ដូចការផ្សព្វផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នោះទេ។ យោធាអាមេរិកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចកាលពីយប់មិញថាគ្មានយន្តហោះអាមេរិកមួយគ្រឿងណាត្រូវបានបាញ់ទម្លាក់នោះទេ។ យើងបានរាប់គ្រប់ចំនួនទាំងអស់។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទូរទស្សន៍អ៊ីរ៉ង់ផ្សាយថាយន្តហោះអាមេរិកត្រូវបានបាញ់កម្ទេចនៅទីក្រុងកំពង់ផែប៊ូសសឺ (Bushehr)។

ការអះអាងមិនស៊ីសង្វាក់គ្នានេះកើតមានឡើងចំពេលដែលលេចឮដំណឹងថាអាមេរិក និងអ៊ីរ៉ង់ទើបតែចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នាដើម្បីផ្អាកបាញ់គ្នារយៈពេល៦០ថ្ងៃ។ គេហទំព័រអាក់សឺស (Axios) ចុះផ្សាយថាអនុស្សារណៈនោះនឹងបន្តសុពលភាពនៃបទឈប់បាញ់ ក៏ដូចជាអនុញ្ញាតឱ្យកប៉ាល់បើកកាត់ច្រកសមុទ្រហ័រម៉ូស និងចាប់ផ្ដើមការចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោករ៉ាចាន់ មេណុន (Rajan Menon) ជាគ្រូបង្រៀនផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យទីក្រុងញូយ៉កថ្លែងមុនការចុះអនុស្សារណៈនោះថាដំណាក់កាលនៃការឈានដល់កិច្ចព្រមព្រៀងនោះកាន់តែខិតជិតគ្នាយ៉ាងឆាប់រហ័ស។ លោកត្រាំកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកដែលគិតថាលោកចេះតែចរចាគ្នាជាលក្ខណៈឆិនឆៃឱ្យរួចពីដៃដើម្បីស្របតាមការចង់បានរបស់អ៊ីរ៉ង់។ គាត់កំពុងផ្ញើសារទៅអ៊ីរ៉ង់ថាអាចនឹងផ្ទុះសង្គ្រាមជាថ្មីបើមិនព្រមទទួលយកនូវលក្ខខណ្ឌល្អៗនោះទេ។

ចំណែកអ៊ីរ៉ង់ជឿជាក់ថាខ្លួនជាអ្នកកំណត់ពេលវេលា។ អ៊ីរ៉ង់យល់ដូច្នេះដោយសង្កេតឃើញថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃកាន់តែខ្ពស់ដោយសារសង្គ្រាម។ ហេតុនេះធ្វើឱ្យពលរដ្ឋអាមេរិកាំងភាគច្រើនប្រឆាំងនឹងនយោបាយរបស់ត្រាំ ហើយធ្វើឱ្យប្រជាប្រិយភាពរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំងបើយោងតាមការស្ទង់មតិ។ លោករ៉ាចាន់ មេណុនយល់ថាស្ថានភាពមិនខុសពីល្បែងមាន់រត់ប្រណាំងគ្នានោះទេ។ ភាគីម្ខាងៗខំប្រឹងរត់យ៉ាងពេញល្បឿនទៅមុខដោយសង្ឃឹមថាភាគីម្ខាងទៀតនឹងរត់ដល់ទីមុន ព្រោះបើនៅស្មើគ្នានាំឱ្យទង្គិចក្បាលគ្នា។ ប៉ុន្តែលទ្ធផលជាក់ស្ដែងគឺការទង្គិចក្បាលគ្នាហ្នឹងឯង។ នៅក្នុងន័យនេះ លោកយល់ថាភាគីទាំង២អាចនឹងវិលទៅរកសង្គ្រាមសាជាថ្មី៕ ប្រភព៖ Newsweek

ចែករំលែកព័តមាននេះ