ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះខាត​បន្ទប់រៀន​ ​! អ្នកគ្រូ​សាលា​បឋម​សិក្សា​ខ្យង ក្នុង​ខេត្តព្រះវិហារ អំពាវនាវ​សុំ​ជំនួយ​សាងសង់​អគារ​ថ្មី​ជំនួស​អគារ​ឈើ​ទ្រុឌទ្រោម

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ​៖​ លោក​គ្រ​ អ្នកគ្រូ ​នៃ​សាលា​បឋម​សិក្សា​ខ្យង កំពុង​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព និង​កង្វះខាត​កន្លែង​សិក្សា​របស់​សិស្សានុសិស្ស បន្ទាប់​ពី​អគារសិក្សា​ធ្វើ​ពី​ឈើ​ចំនួន ២​ខ្នង បាន​រង​ការ​ខូចខាត​ និង​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ ។ បើ​តាម​ការ​រៀបរាប់​របស់អ្នកគ្រូ សុ ម៉ា​និ​ច ដែល​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ខ្យង ស្ថិត​ក្នុងភូមិ​ស្លែង ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​បរិវេណ​សាលា​ទាំងមូល មាន​អគារសិក្សា​ចំនួន ៣​ខ្នង​ ។ ក្នុង​នោះមាន​​អគារ​ថ្ម​ តែ ១​ខ្នង មាន ៤​បន្ទប់​ប៉ុណ្ណោះ ដោយ​ត្រូវ​បែងចែក ១​បន្ទប់​ធ្វើ​ជាទី​ចាត់ការ ចំណែកឯ ២​ខ្នង​ទៀត ជា​អគារ​ចាស់​សាងសង់​ពី​ឈើ មាន ២​បន្ទប់​ដូច​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​បាន​រង​ការ​ខូចខាត​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង មិន​អាច​ធានា​សុវត្ថិភាព​ក្នុង​ការ​សិក្សា​បាន​ល្អ​ប្រសើរ​ឡើយ ​។

អ្នកគ្រូ​បាន​បន្ត​ថា សាលា​បឋម​សិក្សា​ខ្យង ​មាន​សិស្សានុសិស្ស​សរុប​ចំនួន ២៤១​នាក់ ​។ ដោយសារ​តែ​កង្វះខាត​បន្ទប់រៀន និង​ស្ថានភាព​អគារ​ឈើ​មិន​អំណោយផល ដំណើរការ​បង្រៀន និង​រៀន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ក្នុង​មួយ​ថ្នាក់​ៗ​ត្រូវ​ផ្ទុក​សិស្ស​ចាប់ពី ៣០ ទៅ​ដល់ ៥០​នាក់ ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​គណៈ​គ្រប់គ្រង​សាលា ក៏​ដូច​ជា​នាយក​សាលា ធ្លាប់​បាន​ដាក់​លិខិតស្នើ​សុំ​អន្តរាគ​មន៍​ទៅ​ខាង​ការិយាល័យ​អប់រំ​ស្រុក និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រួច​មក​ហើយ​ដែរ ​។

អ្នកគ្រូ សុ ម៉ា​និ​ច បាន​ផ្តួចផ្តើម​គំនិត​ផ្សព្វផ្សាយ និងកៀរគរ​ជំនួយ​សប្បុរសធម៌​ពី​សប្បុរសជន​នានា តាម​រយៈ​បណ្តាញ​សង្គម ដើម្បី​ជួសជុល និង​សង្គ្រោះ​បឋម​ទៅ​លើ​អគារ​ឈើ​ដែល​ទ្រុឌ​ឌ​ទ្រោម​ទាំងនោះ​ ។ ​ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ ​។ អ្នកគ្រូ សុ ម៉ា​និ​ច បាន​សម្តែង​ការ​ដឹងគុណ​​ចំពោះ​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​កន្លង​មក និង​បាន​ស្នើ​សុំ​បន្ថែម​យ៉ាង​ទទូច​ដូច្នេះ​ថា ​៖ «​​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំគ្រប់​លំដាប់ថ្នាក់ និង​សប្បុរសជន​ទាំងអស់ជួយ​ពិនិត្យ​លទ្ធភាព និង​ផ្តល់​អគារសិក្សា​ថ្មី ដល់​សា​លាប​ឋម​សិក្សា​ខ្យង​ផង ដើម្បី​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នេះ មាន​កន្លែង​រៀនសូត្រ​សមរម្យ និង​មាន​សុវត្ថិភាព​ដូច​គេឯង​» ៕