ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូម៉ានី​ដែល​ជា​សមាជិក​អង្គ​ការ​ណាតូ​ត្រូវ​ដ្រូន​រុស្ស៊ី​រំ.លោ.ភ​ដែន​អាកាស​ទៀត​ហើយ​, លើក​នេះ​ហោះ​បុក​អគារ​របួស​២​នាក់

49 វិនាទី មុន

ទី​ក្រុង​កា​ឡាទី​, ប្រទេស​រ៉ូម៉ានី៖ តើ​រុស្ស៊ី​កំពុង​ធ្វើ​តេស្ត​អង្គ​ការ​ណាតូ​ ឬ​យ៉ាង​ណា? ថ្ងៃនេះ រ៉ូម៉ានី​ដែល​ជា​សមាជិក​អង្គ​ការ​ណាតូ​ប្រកា​សថា​ដ្រូន​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​ធ្លាក់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​បណ្ដាល​ឱ្យ​របួស​មនុស្ស​២​នាក់​នៅ​ទី​ក្រុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​របស់​ខ្លួន​។ នៅ​ពេល​នោះ រុស្ស៊ី​កំពុង​វាយ​ប្រ​ហារ​ប្រទេស​អ៊ុយ​ក្រែន​។ តាម​ពិត​ ករណី​ដ្រូន​របស់​រុស្ស៊ី​ហោះ​ចូល​ប្រទេស​រ៉ូម៉ានី​ធ្លាប់​កើត​មាន​ជា​ច្រើន​ករណី​ហើយ​។ ប៉ុន្តែ​នេះ​ជា​ករណី​ដំបូង​បំផុត​ដែល​ដ្រូន​របស់​រុស្ស៊ី​ធ្លាក់​ទៅ​លើ​តំបន់​ទី​ប្រជុំ​ជន​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​មាន​របួស​ថែម​ទៀត​​។​

ឧបទ្ទវ​ហេតុ​នៅ​រ៉ូម៉ានី​អាច​នឹង​បង្ក​ភាព​តាន​តឹង​នៅ​តំបន់​ការ​ពារ​ភាគ​ខាង​កើត​របស់​ណាតូ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​កំពុង​ព្រួយ​បារម្ភ​ថា​សង្គ្រាម​​​អាច​នឹង​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​ជិត​ខាង​​។ អ្នក​នាំពាក្យ​អង្គ​ការ​ណាតូ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា «​យើង​សូម​ថ្កោល​ទោស​ទង្វើ​ខ្ជីខ្ជា​របស់​រុស្ស៊ី​។ អង្គ​ការ​ណាតូ​នឹង​បន្ត​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​ខ្លួន​ទល់​នឹង​ការ​គំរាម​កំហែង​តាម​គ្រប់​រូប​ភាព​ រួម​ទាំង​ការ​គំរាម​ដោយ​ប្រើ​ប្រាស់​ដ្រូន​ផង​ដែរ»​។

ដ្រូន​មួយ​​គ្រឿង​នោះ​ធ្លាក់​ចំ​ដំបូល​អគារ​កម្ពស់​ដប់​ជាន់​នៅ​ទីក្រុង​កា​ឡាទី​ និង​បង្ក​ជា​ការ​ផ្ទុះ​ដ៏​ធំ​មួយ​។ នេះ​បើ​យោង​តាម​អាជ្ញា​ធរ​រ៉ូម៉ានី​។ ក្រសួង​ការ​ពារ​ជាតិ​រ៉ូម៉ានី​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​យោង​តាម​ព័ត៌​មាន​បឋម ដ្រូន​របស់​រុស្ស៊ី​នោះ​នៅ​ពេល​ហោះ​ទៅ​បុក​អគារ​នោះ​ក៏​ផ្ទុះ​ឡើង​ភ្លាម​តែ​ម្ដង​។ ប្រទេស​រ៉ូម៉ានី​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​អ៊ុយ​ក្រែន​ចម្ងាយ​៦៥០​គីឡូ​ម៉ែត្រ​ឧស្សាហ៍​ជួប​ប្រទះ​នឹង​ករណី​ដ្រូន​របស់​រុស្ស៊ី​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​។ ពោល​គឺ​រហូត​ដល់​២៨​ករណី​ចាប់តាំង​ពី​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន​។

រដ្ឋ​មន្ត្រី​ការ​បរទេស​រ៉ូម៉ានី​ចាត់​ទុក​ឧបទ្ទវ​ហេតុ​នេះ​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ដ៏​ធ្ងន់​ធ្ងរ​។ លោក​​ស្រី​ថា​រដ្ឋាភិបាល​របស់​លោកស្រី​​បាន​ស្នើ​សុំ​ឱ្យ​មាន​វិធាន​ការ​នៅ​ចំពោះ​មុខ​ដើម្បី​ផ្ទេរ​មធ្យោបាយ​ប្រឆាំង​នឹង​ដ្រូន​ទៅ​ឱ្យ​រ៉ូម៉ានី​ទុក​សម្រាប់​ការ​ពារ​ខ្លួន​។​ លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​រ៉ូម៉ានី​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​​ទៅ​សាក​សួរ​ និង​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​បញ្ហា​នេះ​។ ប្រតិ​កម្ម​ក៏​មាន​ផង​ដែរ​ពី​សហ​ភាព​អឺរ៉ុប។ ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ចាត់​ទុក​ថា​រុស្ស៊ី​បាន​ដើរ​កន្លង​ខ្សែ​បន្ទាត់​ម្ដង​ទៀត​ហើយ​៕ ប្រភព៖ Reuters