អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិសម្លឹងឃើញការធ្លាក់ចុះប្រចាំសប្តាហ៍នេះ ដោយសារក្តីសង្ឃឹមពាក់ព័ន្ធកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូស (Hormuz) ក៏ដូចជាការពន្យារបទឈប់បាញ់។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
តម្លៃប្រេងឆៅ Brent ស្តង់ដាពិភពលោក បានធ្លាក់ចុះ ១,១% ឬ ១,០៤ ដុល្លារអាមេរិក មកត្រឹម ៩២,៦៧ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា)។ ចំណែកប្រេងឆៅស្តង់ដាសហរដ្ឋអាមេរិក (WTI) បានធ្លាក់ចុះ ១,២៦ ដុល្លារ ឬ ១,៤% មកត្រឹម ៨៧,៦៤ ដុល្លារក្នុង១បារ៉ែល។ ប្រេងឆៅ Brent បានធ្លាក់ចុះសរុប ១០,៥% ក្នុងសប្តាហ៍នេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រីឯប្រេងឆៅ WTI បានធ្លាក់ចុះ ៩,២% ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍ចុងក្រោយបានឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីពន្យារបទឈប់បាញ់ និងដកការរឹតបន្តឹងលើការដឹកជញ្ជូនតាមកប៉ាល់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនទាន់បានអនុម័តវានៅឡើយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានប្រកាសថា កិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់នៅឡើយក្តី។
គួរបញ្ជាក់ថា តម្លៃបានប្រែប្រួលយ៉ាងខ្លាំងនៅក្នុងវគ្គជួញដូរថ្មីៗនេះ ដោយប្រែប្រួលរហូតដល់ ៦ ដុល្លារ សម្រាប់ប្រេងឆៅទាំងពីរប្រភេទនេះ ដោយសារសញ្ញាផ្ទុយគ្នាចំពោះលទ្ធភាពនៃការចរចាបញ្ចប់សង្គ្រាមរយៈពេលបីខែរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងការលេចឮពីលទ្ធភាពនៃការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រភពផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល១ភាគ៥របស់ពិភពលោក៕


ចែករំលែកព័តមាននេះ