ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​វៀតណាម​ធ្លាក់​ចុះ តប​តា​មកា​រវិ​វត្ត​នៃ​ទីផ្សារ​សកល

7 ម៉ោង មុន

ទីក្រុង​ហា​ណួ​យ ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​តែ​តម្លៃ​ទីផ្សារ​ពិភពលោក​ក៏​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី VnExpress បាន​ចេញផ្សាយ​។

តម្លៃ​សាំង RON95 (​សាំង​ស៊ុប​ពែរ​) បាន​ធ្លាក់​ចុះ​ដល់ ៥,៤% មក​ត្រឹម ២៤ ១៥០ ដុ​ង ឬ​ប្រហែល ៣ ៦០០ រៀល​ក្នុង​១​លី​ត្រ​។ ចំណែក​សាំង E5 RON92 (​សាំង​ធម្មតា​) បាន​ធ្លាក់​ចុះ ៤,៥% មក​ត្រឹម ២៣ ២៥០ ដុ​ង ឬ​ប្រហែល ៣ ៥០០ រៀល​ក្នុង​១​លី​ត្រ​។ រីឯ​ប្រេងម៉ាស៊ូត​បាន​ធ្លាក់​ចុះ ៣,៩% មក​ត្រឹម ២៧ ៦៥០ ដុ​ង ឬ​ប្រហែល ៤ ២០០ រៀល​ក្នុង​១​លី​ត្រ​។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​ក្រសួង​ហិរញ្ញវត្ថុ​របស់​វៀតណាម បាន​បង្ហាញ​ថា ទីផ្សារ​ប្រេងឥន្ធនៈ​សកល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បាន​ទទួល​រង​ឥទ្ធិពល​ពី​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​រ៉​ង់ ក៏​ដូច​ជា​ការ​កើនឡើង​នៃ​អតិផរណា​របស់​សហរដ្ឋអាមេរិក ដែល​បាន​ជំរុញ​ដោយ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ថាមពល​។

តម្លៃ​ប្រេងសាំង RON95 ក្នុង​១​បារ៉ែល (១​ធុង​) បាន​ធ្លាក់​ចុះ ៩,២% មក​នៅ​ត្រឹម ១២៧ ដុល្លារ ខណៈ​ដែល​ប្រេងម៉ាស៊ូត​បាន​ធ្លាក់​ចុះ ៥,៥% មក​ត្រឹម ១៤៦,៧០ ដុល្លារ​។

ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ សាំង​ជីវ​ឥន្ធនៈ E10 RON95 នឹង​ត្រូវ​បាន​លក់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​វៀតណាម ជំនួស​សាំង RON 95​។ ចំណែក​សាំង E5 RON92 នឹង​បន្ត​លក់​រហូត​ដល់​ចុងឆ្នាំ ២០៣០​។

យោង​តាម​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម លោក ង្វៀ​ន ស៊ី​ញ ញ៉ា​ត់ តាន់ (Nguyen Sinh Nhat Tan) បានឱ្យ​ដឹង​ថា ការ​លក់​សាំង​ផ្អែក​លើ​រ៉ែ​ធម្មជាតិ និង​ជីវ​ឥន្ធនៈ​នៅ​ក្នុង​ពេល​ដំណាលគ្នា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ គឺ​មាន​បំណង​ជួយ​ឱ្យ​ទីផ្សារ​សម្រប​ខ្លួន​បន្តិច​ម្តង​ៗ និង​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ចែកចាយ​របស់​ពួក​គេ​។

ទោះ​យ៉ាងណា​ក៏​ដោយ ដោយ​លើក​ឡើង​ពី​បទ​ពិសោធន៍​អន្តរជាតិ លោក​ថា ការ​រក្សា​ប្រភេទ​ប្រេងឥន្ធនៈ​ច្រើន​ពេក​ក្នុង​រយៈពេល​យូរ នឹង​បង្កើត​បញ្ហា​ដូច​ជា ថ្លៃ​ដឹក​ជញ្ជូន ការ​ផ្ទុក និង​ការ​ចែកចាយ​ខ្ពស់ ជា​ពិសេស​បង្កើត​ការ​លំបាក​សម្រាប់​អ្នក​លក់រាយ និង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ថាមពលបៃតង​ផង​ដែរ​៕