ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ដឹក​នាំ​អាស៊ាន​ត្រៀម​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​នៅ​រុស្ស៊ី​នា​ខែ​មិថុនា​ខាង​មុខ​នេះ

7 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ បណ្ដា​ថ្នាក់​ដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​លោក​ពូទីន​នៅ​ប្រទេស​រុស្ស៊ី​នា​ខែ​មិថុនា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ថា​របស់​ប្រមុខ​ការ​ទូត​ហ្វ៊ីលីពីន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វ៊ីលីពីន លោក​ស្រី​តេរ៉េសា​ ឡា​ហ្សា​រ៉ូ (Theresa Lazaro) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​​ថា​លោក​ស្រី និង​សមភាគី​រុស្ស៊ី គឺ​លោក​សឺហ្គេ​ឡាវ​រ៉ូស​ (Sergey Lavrov) បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​អាស៊ាន​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​កា​ហ្សាន (Kazan) ប្រទេស​រុស្ស៊ី​។

ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​ទី​ក្រុង​ម៉ានីឡា​ថ្លែង​ថា​មុន​ពេល​រៀប​ចំ​កិច្ច​ប្រជុំ​កំពូលចាប់​​ពី​ថ្ងៃ​ទី​១៧​-១៨ ខែ​មិថុនា លោក​ឡាវរ៉ូស និង​លោក​ស្រី​ឡា​ហ្សា​រ៉ូ​បាន​ពិគ្រោះ​គ្នា​អំពី​លទ្ធ​ភាព​នៃ​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​រវាង​រុស្ស៊ី និង​អាស៊ាន​។ ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ភាគ​ច្រើន​បោះ​ឆ្នោត​នៅ​ឯ​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ដើម្បី​​ថ្កោល​ទោស​រុស្ស៊ី​​ពីបទ​​ឈ្លាន​ពាន​អ៊ុយ​ក្រែន​។ ប៉ុន្តែសមាគម​អាស៊ាន​និយាយ​ជា​រួម​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជា​ធម្មតា​ជា​មួយរដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ដដែល​ក្នុង​នាម​ជា​ដៃ​គូ​សន្ទនា​។​

នៅ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ គេ​មើល​ឃើញ​ថា​ប្រទេស​ខ្លះ​ចង​សម្ព័ន្ធ​ភាព​ជិត​ស្និទ្ធ​ជា​មួយ​អាមេរិក​ ឧទាហរណ៍​ដូច​ជា​ហ្វ៊ីលីពីន​ជា​ដើម​។ ចំណែក​ប្រទេស​ខ្លះ​ទៀត​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​និង​សន្តិ​សុខ​ជាតិ​ខ្លាំង​ជា​មួយ​ប្រទេស​ចិន​ និង​រុស្ស៊ី​។ នៅ​ក្នុង​ការបោះ​ឆ្នោត​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​សម្រេច​ទៅ​លើ​ដំណោះ​ស្រាយ​ថ្កោល​ទោស​រុស្ស៊ី​នោះ វៀតណាម និង​ឡាវ​បោះ​ឆ្នោត​អនុប​វាទ​។

រដ្ឋ​ជា​សមាជិក​អាស៊ាន​ខ្លះ​រួម​ទាំង​ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី ថៃ និង​វៀត​ណាម​ជា​ដើម​បាន​នាំ​ចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី ឬ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​ទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​បន្ទាប់​ពី​ប្រេង​ឆៅ​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ឡើង​ថ្លៃ​កាន់​តែ​ខ្លាំង​ទៅ​ៗ​ដោយ​សារ​សង្គ្រាម​អ៊ីរ៉ង់​។ មន្ត្រី​រដ្ឋាភិបាល​ហ្វ៊ីលីពីន​ថ្លែង​ថា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន និង​រុស្ស៊ី​នោះ​ លោក​ម៉ាកូស​ប្រមុខ​ដឹក​នាំហ្វ៊ីលីពីន​ នឹង​អញ្ជើញ​ទៅ​រុស្ស៊ី​។ ចំពោះ​ប្រទេស​សិង្ហបុរី​វិញ គេ​មិន​ទាន់​ថា​ថ្នាក់​ដឹក​នាំប្រទេស​ដែន​កោះ​មួយ​នេះ​នឹង​ចូលរួម​ ឬ​យ៉ាង​ណា​ទេ​ព្រោះ​ប្រទេស​នេះ​ថ្កោល​ទោស​រុស្ស៊ី​ពី​បទ​ឈ្លាន​ពាន​អ៊ុយ​ក្រែន​ និង​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ថែម​ទៀត​៕​ ប្រភព៖ Arab News​