ប្រទេសរុស្ស៊ី ៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីបានផ្ញើសារផ្ទាល់ខ្លួនមួយដល់លោកហ្សង់កាសឺយ៉ា់អគ្គនាយកAFRICA CDC ដើម្បីជូនដំណឹងថា រុស្ស៊ីផលិតបានហើយវ៉ាក់សាំងមួយដែលអាចការពារប្រឆាំងវីរុសអេប៊ូឡាដែលវីរុសនោះមានឈ្មោះថា BUNDIBUGYO។

វ៉ាក់សាំងនោះផលិតដោយវិទ្យា ស្ថានស្រាវជ្រាវGAMALEYA ក្រុងមូស្គូជាមជ្ឈមណ្ឌលស្រាវជ្រាវសហព័ន្ធមួយ មានឯកទេសខាងជំងឺឆ្លងនិងមីក្រូប៊ីយ៉ូឡូហ្ស៊ី ។ នោះជាវ៉ាក់សាំងមួយផលិតពីវីរុសដែលប្រែក្លាយឲ្យខ្សោយមិនអាចវាយលុកបាន ធ្វើចជាយានចម្លងចូលក្នុងសរីរាង្គហើយបង្កើនអង់ទីគ័រ។ វ៉ាក់សាំងនោះត្រូវបានស្រាវជ្រាវផលិតតាំងពីមានការឆ្លងអេប៊ូឡានៅអាហ្វ្រិកខាងលិចរវាងឆ្នាំ២០១៤ ទៅ២០១៦ ។

វ៉ាក់សាំងនោះ សំដៅប្រឆាំងវីរុសអេប៊ូឡាប្រភេទកើតនៅប្រទេសហ្សាអៀមិនមែនផ្ដោត ជាពិសេសតែលើវីរុសBUNDIBUGYOឡើយ ។ AFRICA CDCជាមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាហ្វ្រិក គ្រោងបើកកិច្ចប្រជុំនាប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយវិទ្យាស្ថានGAMALEYA ដើម្បីឲ្យបានយល់ថា ហេតុអីរុស្ស៊ីគិតថា វ៉ាក់សាំងនោះប្រើមានប្រសិទ្ធភាព ជាមួយវីរុសអេប៊ូឡាបច្ចុប្បន្ន។ អគ្គនាយកAFRICA CDCនៅតែមានការប្រយ័ត្នប្រយែង។

លោកថា ចង់ស្វែងយល់មុននិយាយថា នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ។ ទោះបីយ៉ាងណាលោកនៅតែប្រកាន់ការសន្យាដែលថា រហូតដល់ដំណាច់ឆ្នាំ២០២៦ AFRICA CDC នឹងធ្វើបែបណាឲ្យមានវ៉ាក់សាំងមួយនិងថ្នាំប្រឆាំងវីរុសBUNDIBUGYOឲ្យបាន។ មកទល់ពេលនេះនៅមិនទាន់មានវ៉ាក់សាំងនិងថ្នាំព្យាបាលប្រឆាំងវីរុសBUNDIBUGYO នៅឡើយ។

វីរុសនោះ កំពុងឆ្លងរាលដាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយតាមអង្គការសុខភាពពិភពលោកថានៅប្រទេសនេះមានអ្នកសង្ស័យឆ្លងជាង៩០០នាក់ ក្នុងនោះស្លាប់២២០នាក់។ ជំងឺនោះឆ្លងដល់ប្រទេសអ៊ូហ្គង់ដាជិតខាងទៀតដោយនៅទីនោះមានអ្នកឆ្លង៧នាក់និងស្លាប់ម្នាក់ ៕

ចែករំលែកព័តមាននេះ