ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​VOLVO​បើក​សុខ​ៗ​ឆ្លង​ចរន្ត​ឆេះ​ប្លុក​ម៉ាស៊ីន​រង​ការ​ខូចខាត

37 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​VOLVO ១​គ្រឿង​ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ប្លុក​ម៉ាស៊ីន ហុយផ្សែង​ទ្រលោម​នៅ​តាម​ដងផ្លូវ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​យក​ទុយោ​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់ ។ ព្រមទាំង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​១​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​ផង ទើប​រលត់​ទៅ​វិញ​ទាំងស្រុង មិន​ឆេះ​រាល​ដល់​តួ​រថយន្ត​នោះ​ទាំងមូល ប៉ុន្តែ​រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​ប្លុក​ម៉ាស៊ីន​យ៉ាងដំណំ​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា រថយន្ត​ម៉ាក​VOLVO ១​គ្រឿង​នោះ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-7222 អ្នកបើកបរ​ពុំ​ស្គាល់​អត្ត​សញ្ញា​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​ជា​បុរស ឬ​នារី​នោះ​ដែរ នៅ​ពេល​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​ទៅ​ដល់​អត់​ឃើញ​ម្ចាស់​រថយន្ត​នៅ​ទីនោះ​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​រថយន្ត​មាន​ស្លាក​ការងារ​ជានា​រី ដែល​ជា​បុគ្គលិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មរតក​តេ​ជោ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ។ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ម្ចាស់​រថយន្ត​នេះ​ទៅ​ធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មរតក​តេ​ជោ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ការ​ឆាបឆេះ​ប្លុក​ម៉ាស៊ីន​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​មាន​ផ្សែងហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ហើយ​ភ្លាម​ៗ​អ្នកបើកបរ​បាន​ចាក​ចេញពី​ក្នុង​រថយន្ត ដោយ​សុវត្ថិភាព ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទុយោ​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់ ។ ដោយឡែក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចេញ​ទៅ​១​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​ផង ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង បន្ទាប់​ម​ម្ចាស់​បាន​នាំ​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕​