មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី ។ នេះបើយោងតាមផេកអាជ្ញាធរជាតិអប្សរា បានប្រកាសនាព្រឹកថ្ងៃទី២៩ ខែឧសភានេះ ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា ២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់អង្គរ រួមគ្នាការពារសត្វព្រៃ កុំលួចដាក់អន្ទាក់ និងលួចបរបាញ់ ។ ការលើកឡើងពីកង្វល់នេះ ដោយសារតែបច្ចុប្បន្ន បើទោះបីជាអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នចម្រុះជាច្រើន រួមគ្នាការពារសត្វព្រៃជាប្រចាំក្តី ក៏នៅតែមានសកម្មភាពមួយចំនួន លបលួចបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វព្រៃនៅឡើយ។

លោក ជូរ៉ា ឌីណា បញ្ជាក់ថា ការថែរក្សាសត្វព្រៃ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់លើកតម្លៃសម្បត្តិបេតិកភណ្ឌធម្មជាតិ និងជីវចម្រុះក្នុងតំបន់អង្គរ ពោល គឺនៅពេលដែលអ្នកទេសចរមកទស្សនាអង្គរ គឺគេឃើញប្រាសាទបុរាណផង និងបានឃើញសត្វព្រៃដែលបង្ហាញពីភាពសម្បូរបែបនៃធម្មជាតិផង ។

លោក Nick Marx អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា សត្វព្រៃ មានតួនាទីយ៉ាងសំខាន់ក្នុងការនាំគ្រាប់ពូជនៃឈើនានា ឱ្យដុះក្លាយជាធម្មជាតិបៃតងដ៏សម្បូរបែបនៅក្នុងតំបន់អង្គរ ព្រមទាំងអាចទាក់ទាញអ្នកទេសចរជាច្រើន ឱ្យចាប់អារម្មណ៍ចំពោះធម្មជាតិផង ។

លោក Nick Marx បញ្ជាក់ថា ក្នុងនាមអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) លោកសូមអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូប សូមរួមគ្នាការពារសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់អង្គរ ឱ្យបានគង់វង្ស ។ «សូមកុំឱ្យចំណីដល់សត្វព្រៃ និងកុំទៅរំខានសត្វព្រៃ ហើយសូមទុកឱ្យសត្វព្រៃទាំងនោះបានរស់នៅក្នុងព្រៃធម្មជាតិ តាមទម្លាប់របស់ពួកវាដោយសុខសាន្ត» ។


បច្ចុប្បន្ននេះ នៅក្នុងព្រៃតំបន់អង្គរ មានសត្វព្រៃចម្រុះ កំពុងរស់នៅជាច្រើនប្រភេទ ដូចជា សត្វទោចមកុដ (Pileated Gibbon)សត្វឈ្លូស (Red Muntjac)សត្វស្វាព្រាហ្មណ៍(Silvered Langurs)សំពោចក្រអូប (Common palm Civets)សត្វភេខ្លួនរលោង (Smooth-coated Otter)សត្វឆ្មាដាវ (Leopard Cat) សត្វកេងកងតូច (Oriental Pied Hornbill)សត្វកេងកងធំ (Great Hornbill)សត្វភូវាំង (Wreathed Hornbill)សត្វក្ងោក (Peafowl)សត្វអន្សង(Common Water Monitor)និងសត្វពង្រូល (Sunda Pangolin)ជាដើម ៕










ចែករំលែកព័តមាននេះ