រាជធានីមានសមត្ថកិច្ចយាមកាមច្រើនខុសសព្វដង មុនប្រជុំទេសាភិបាលធនាគារកណ្តាលប្រទេសនិយាយភាសាបារាំង
- ភ្នំពេញ
ប៉ុន្មានថ្ងៃនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅរាជធានីត្រូវរឹតបន្តឹងបន្តិច ដោយសារតែកម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) ។

សន្និសីទអន្តរជាតិមួយនេះ គឺរៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលបារាំង ហើយវាត្រូវបានរៀបចំឡើងក្រោម មូលបទ «ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន» ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០២៦ ។

សន្និសីទនេះ មានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំធនាគារធំៗ ដោយរួមទាំងលោក ហ្វ្រង់ស័រ វីឡឺរ៉ូយ ដឺ ហ្គាល់ហូ (François Villeroy de Galhau) ទេសាភិបាល ធនាគារកណ្តាលបារាំង និងលោកស្រី គ្រីស្ទីន ឡាហ្គាត ( Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន២៦នៃប្រទេសហ្វ្រង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។

នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។
នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាលឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។

សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងប្រធានបទសេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាល ជាពិសេស ធនាគារកណ្តាលដែលប្រើភាសាបារាំង ។

ចែករំលែកព័តមាននេះ