ក្រសួងសុខាភិបាលកម្ពុជា បានកំពុងតែស្វះស្វែងរកច្រកពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងសហរដ្ឋអាមេរិកលើវិស័យសុខាភិបាលនេះបន្ថែម ។

ពាក់ព័ន្ធនឹងកិច្ចការនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងរៀបចំផែនការអនុវត្តនៃអនុស្សរណៈនៃយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ក្រសួងបានអះអាងថា គោលបំណងនៃកិច្ចប្រជុំនេះបានផ្តោតសំខាន់លើការរៀបចំផែនការសកម្មភាពអនុវត្តគម្រោងដែលបានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពិភាក្សា និងរៀបចំយន្តការសម្រាប់ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការអនុវត្តគម្រោងឱ្យបានសម្រេចតាមគោលដៅដែលបានគ្រោងទុក ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំជូនដល់អង្គភាពអនុវត្តទាំងអស់ សូមលើកទឹកចិត្តស្វែងយល់ឱ្យបានច្បាស់ និងគោរពតាមឯកសារគតិយុត្តិដែលមាន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ