ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ឃ្លាំង​ស្ដុក​អ៊ី​សូ​ឡង់​រោងចក្រ​ផលិត​ស័ង្កសី​គាប​ស្នោ​ អស់​១​ខ្នង

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ឃ្លាំង​ស្តុក​អ៊ីសូ​ឡង់ ​និង​សម្ភារ​ផ្សេង​ៗ​របស់​រោងចក្រ​ផលិត​ស័ង្កសី​គាប​ស្នោ​ មួយ​កន្លែង ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ដែល​សង្ស័យ​បណ្ដាល​មក​ពី​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី ហើយ​អ្វី​ដែល​គួរ​ឲ្យ​មន​ការ​ព្រួយបារម្ភ​នោះ គឺ​នៅ​ក្បែរ​ឃ្លាំង​នោះ​មាន​លំនៅ​ដ្ឋា​ន​អ្នក​ភូមិ​ជា​ច្រើ​ខ្នង ប៉ុន្តែ​ភ្លាម​ៗ​នោះ​ ត្រូវ​បាន​អាជ្ញាធរ ​និង​សមត្ថកិច្ច ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ជា​ច្រើន​គ្រឿង ​ជួយ​បាញ់​ទឹក​ពន្លត់ ទើប​មិន​រាល​ដល់​លំនៅ​ដ្ឋា​ន​ទាំងនោះ​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រោងចក្រ​នេះ​ផលិត​ស័ង្កសី ​គាប​ស្នោ មាន​ចំនួន​៥​អគារ ប៉ុន្តែ​ពួក​គាត់​មិន​បានដឹង​ថា ឃ្លាំង​ស្តុក​អ៊ីសូ​ឡង់​ និង​សម្ភារ​ផ្សេង​ៗ​ ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​ទំហំ​ប៉ុន្មាន​ម៉ែត្រការ៉េ ​នោះ​ទេ រីឯ​មាន​ម្ចាស់​ឈ្មោះ​ ហុង ប៉ោ​ម៉េ​ង ភេទ​ប្រុស ហើយ​នៅ​ក្នុង​នោះ​មាន​កម្មករ​ធ្វើការ​ច្រើន​គួរសម​ដែរ ។ ដោយឡែក​ នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​ដែល​កម្មករ​កំពុងធ្វើការ ស្រាប់តែ​មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី និង​មាន​សម្លេង​ផ្ទុះ ហើយ​ក៏​មានការ​ឆាបឆេះ​សម្ភារនៅ​ក្នុង​ឃ្លាំង​ និង​អគារ​ឃ្លាំង​នៅ​ផ្នែក​ខាងក្រោយ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​យ៉ាង​ឆាប់រហ័ស​បំផុត ព្រោះ​នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​របស់​ដែល​ងាយ​ឆេះ​ដូច​ជា​ស្នោ​ ជាដើម ។

ប្រជាពលរដ្ឋ​ បាន​ប្រាប់​ទៀត​ថា ខណៈនោះ​ពួក​គាត់​មិន​អាច​ជួយ​ពន្លត់​ទាន់​នោះ​ទេ ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​ពេក ហើយ​ក៏​មានការ​ព្រួយបារម្ភ​បំផុត ព្រោះ​នៅ​ស្ទើរតែ​ជុំវិញ​រោងចក្រ​នោះ​មាន​លំនៅ​ដ្ឋា​ន​ជា​ច្រើ​ខ្នង មិនតែប៉ុណ្ណោះ​ភ្លើង​បាន​ឆាបឆេះ​វាំងនន​ផ្ទះ​ឈើ​១​ខ្នង​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ​ ពី​អគារ​ឃ្លាំង​នោះ​ទៀត​ផង​តែ​ពន្លត់​ទាន់ ទើប​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ បន្តិច​ក្រោយមក​អាជ្ញាធរ​ និង​សមត្ថកិច្ច​សង្កាត់​ត្រ​ពាំ​ង្រ​សាំង​បាន​ទៅ​ដល់ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​ច្រើន​គ្រឿង ធ្វើ​សកម្មភាព​បាញ់​ទឹក​ពន្លត់​រហូត​រលត់​ទៅ​វិញ ប៉ុន្តែ​អគារ​ឃ្លាំ​១​ខ្នង​និង​សម្ភារៈ​នៅ​ក្នុង​នោះ​បាន​រង​ការ​ខូច​ខា​ទាំងស្រុង ៕