រាជធានីភ្នំពេញ ៖ តើកម្ពុជារងផលប៉ះពាល់អ្វីខ្លះ ក្នុងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា? ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា សម្រាប់កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន នៅក្នុងតំបន់ដែលរងគ្រោះដោយសារត្រូវបានឧក្រិ.ដ្ឋជន ប្រើប្រាស់សម្រាប់ប្រព្រឹត្ដិឧក្រិ.ដ្ឋកម្មឆបោកឆ្លងដែន តាមប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើយោងតាមផេក អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានប្រកាសនាព្រឹកថ្ងៃទី០៣ ខែមេសានេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានលើកឡើងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា ទាំងលើផ្នែកសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ទាំងលើវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ច ព្រមទាំងលើកេរ្ដិ៍ឈ្មោះ កិត្ដិយស មុខមាត់ និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្ដរជាតិ ។
រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះអាចវាយតម្លៃថា បង្កគ្រោះថ្នាក់ ៣ធំៗសម្រាប់កម្ពុជា គឺទី១, ប៉ះពាល់លើសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ទី២, ប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច និងទី៣ ប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរបស់កម្ពុជា។
ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ពន្យល់ថា ក្រោយពេលដែលកម្ពុជាងើបចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាយើងបានកសាងកិត្ដិយស កេរ្ដិ៍ឈ្មោះច្រើនណាស់ ដោយកិត្ដិនាមរបស់កម្ពុជា ត្រូវបានទទួលស្គាល់ទាំងក្នុងឆាកតំបន់ និងពិភពលោក ជាពិសេសបញ្ហាសន្ដិភាព ។
ដោយគេបានចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍មួយដ៏ធំ ជាកន្លែងដែលមានសន្ដិភាព ជាកន្លែងដែលគេមករៀនសូត្រអំពីសន្ដិភាព ជាកន្លែងដែលមានសន្ដិភាព ជាប្រទេសនៃស្នាមញញឹមដែលប្រជាជនយើងរាក់ទាក់ ។ ប៉ុន្ដែដោយសារតែរឿងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមក ធ្វើឱ្យកាសែតមួយចំនួនផ្សាយអាក្រក់ពីយើង ។ ដូច្នេះរឿងនេះ គឺប៉ះពាល់ធ្ងន់ណាស់សម្រាប់កម្ពុជាយើង ៕
ចែករំលែកព័តមាននេះ