រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា បញ្ហាហ្គេមអនឡាញត្រូវបានចាត់ទុកជា រឿងសន្តិសុខជាតិទាំងមូល ដូច្នេះយើងត្រូវរួមគ្នាប្រឆាំងហ្គេមអនឡាញនេះ ដែលរាជរដ្ឋាភិបាល ត្រូវតែគិតគូរធ្វើការបោសសំអាត ឲ្យអស់កុំឲ្យមាននៅកម្ពុជាទៀត ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា នៅពេលដែលបញ្ហាហ្គេមអនឡាញ ចូលមកកម្ពុជាមានបណ្តាប្រទេសជាច្រើនបាននាំគ្នាវាយប្រហារកម្ពុជា ។ ដូច្នេះរឿងនេះ បានប៉ះពាល់ធ្ងន់ណាស់ ដែលវាខុសពីបញ្ហាគ្រឿងញៀ.ន បញ្ហាជួញដូរមនុស្សដែលប្រទេសមួយៗស្ថិតក្នុងក្របខណ្ឌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែរឿងបញ្ហាហ្គេមអនឡាញនេះវារាលដាលទៅជារឿងសេដ្ឋកិច្ច និងជារឿងប៉ះពាល់ កិត្តិសយ កិត្ត នាម និងសេចក្តីថ្លែងថ្នូររបស់កម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ « អីញ្ចឹងរឿងបញ្ហាហ្គេមអនឡាញលែងស្ថិតក្នុងរឿងសន្តិសុខទៀតហើយ គឺវាស្ថិតជារឿងប្រទេសជាតិយើងទាំងមូលជារឿងរបស់ ប្រជាជាតិយើងទាំងមូល ដែលយើងត្រូវរួមគ្នាប្រឆាំងបទល្មើសហ្គេមអនឡាញនេះនៅក្នុងប្រទេសកម្ពុជាឲ្យអស់» ។
ឯកឧត្តមក៏បានលើកឡើងទៀតថា ផ្អែកលើគ្រោះថ្នាក់ដោយបទល្មើសហ្គេមអនឡាញនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រឆាំងបទល្មើសអនឡាញនេះពោល គឺតាំងពីនីតិកាលទី៦ មករហូតមកដល់ពាក់កណ្តាលនីតិកាលទី៧ នៃរដ្ឋសភានេះ ។
ឯកឧត្តមបន្តថា នៅក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាល បានកំណត់ថា ការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មហ្គេមអនឡាញ ជាអាទិភាពរបស់រាជរដ្ឋាភិបាល និងជារបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមគូសបញ្ជាក់ថា ៖«លូវនេះបទល្មើសការឆបោកតាមបច្ចេកវិទ្យា គឺបានក្លាយជាអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់នីតិកាលទី៧នេះ ។ អីញ្ចឹងទេ នីតិកាលទី៧នេះ រាជរដ្ឋាភិបាលត្រូវគិតគូរជារួមក្នុងការប្រឆាំងបទល្មើសហ្គេមអនឡាញនេះឲ្យអស់ពីកម្ពុជាមិនឲ្យវិលមកវិញ» ។
ឯកឧត្តមបន្ថែមថាដើម្បីលុបបំបាត់ហ្គេមអនឡាញនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីប្រឆាំងនឹងហ្គេមអនឡាញនេះ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីជាប្រធានក្នុងការដឹកនាំយន្តការនោះផ្ទាល់តែម្តង ៕
ចែករំលែកព័តមាននេះ