កម្ពុជាត្រៀមខ្លួនសម្រាប់ One Health Summit ៖ សម្តេចបវរធិបតី នឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉ារីស
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល «One Health Summit…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល «One Health Summit…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូល «One Health Summit » នៅប្រទេសបារាំង ។ នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាព្រឹកនេះ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ។

ដំណើរនេះ បានធ្វើឡើងដោយតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ។
កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦ ។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់ សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជន ជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕ ដោយ ៖ កន ចំណាន
ចែករំលែកព័តមាននេះ