ទីក្រុងមូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្តបន្តការហាមឃាត់ការនាំចេញសាំងរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមប្រភពពី Reuters និង TASS បានចេញផ្សាយ។
រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានប្រកាសអំពីការដាក់បម្រាមលើការនាំចេញសាំងរហូតដល់ចុងខែកក្កដា ហើយចូលជាធរមានចាប់ពីថ្ងៃប្រកាសផ្លូវការ។ ការហាមឃាត់នេះ ត្រូវបានដាក់ចេញដើម្បីធានាការផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកឱ្យមានស្ថេរភាព ចំពេលមានតម្រូវការខ្ពស់ អំឡុងរដូវកាលសាបព្រួសកសិកម្ម ក៏ដូចជាបញ្ហាការកើនឡើងតម្លៃប្រេងសកល ដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការហាមឃាត់នេះ មិនត្រូវបានរាប់បញ្ជូលបណ្តាប្រទេសដែលរុស្ស៊ីមានកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលលើការផ្គត់ផ្គង់ជាមួយនោះទេ ដូចជា ប្រទេសម៉ុងហ្គោលី ជាដើម។
តំបន់ជាច្រើនក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានរាយការណ៍អំពីការខ្វះខាតសាំងកាលពីឆ្នាំមុន បន្ទាប់ពីអ៊ុយក្រែនបើកបានវាយប្រហារលើបណ្តារោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងចំពេលមានការកើនឡើងនៃតម្រូវការតាមរដូវកាលផងដែរ។
ប្រទេសរុស្ស៊ីបានដាក់កម្រិតម្តងហើយម្តងទៀតលើការនាំចេញសាំង និងម៉ាស៊ូត ដើម្បីទប់ស្កាត់ការឡើងថ្លៃ និងដោះស្រាយការខ្វះខាតក្នុងស្រុកផងដែរ។ ដ្បិតប្រទេសមានផ្ទៃដីធំជាងគេបំផុតលើពិភពលោកមួយនេះ បាននាំចេញសាំងជិត ៥ លានតោនកាលពីឆ្នាំមុន ឬប្រហែល ១១៧ ០០០ បារ៉ែលក្នុង១ថ្ងៃ៕


ចែករំលែកព័តមាននេះ