ប្រទេសអុីតាលី ៖ បន្ទាប់ពីចុងសប្ដាហ៍នៃបាតុកម្មហិង្សាដុតបំផ្លាញ និងប្លន់របស់របរដូចនៅបារាំងក្នុងទីក្រុងមីឡាន រដ្ឋាភិបាលរបស់លោកស្រី GIORGIA MELONI គ្រោងដាក់ពង្រាយទាហាន៥០០នាក់ នៅក្រុងមីឡាន និងពង្រឹងវិធានការសន្តិសុខ ក្នុងពេលមានបាតុកម្ម ។

រដ្ឋាភិបាលអ៉ីតាលីរៀបចំពង្រឹងសន្តិសុខនៅក្រុងមីឡាន បន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ រវាងពួកបាតុករនិងកងកម្លាំងសន្តិសុខ ។ កាលពីថ្ងៃទី២០ តុលា នាយករដ្ឋមន្ត្រីអុីតាលី លោកស្រី GIORGIA MELONI ប្រកាសពីការដាក់ពង្រាយកងទាហាន៥០០នាក់នៅក្រុងមីឡាន រហូតដល់ដំណាច់ឆ្នាំ ដើម្បីជួយទ្រទ្រង់ដល់កងកម្លាំងប៉ូលិស។ លោកស្រីបន្តថាគណៈរដ្ឋមន្ត្រីបានអនុម័តវិធានការនានា ដែលសំដៅសម្រួលដល់ការចាប់ឃុំឃាំងបណ្ដាអនីតិជនដែលធ្វើបាតុកម្មហិង្សា ពិន័យឪពុកម្ដាយពួកគេក្នុងករណីបង្កការខូចខាត ហើយចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសហិង្សាក្នុងបាតុកម្ម។
កាលពីថ្ងៃទី១៧ និង១៨ តុលា នៅក្រុងមីឡានមានបាតុកម្មហិង្សានាំទៅដល់ការចាប់ខ្លួនបាតុករច្រើនរយនាក់ និងបណ្ដាលឲ្យប៉ូលិសច្រើនសិបនាក់រងរបួស ។ ហាងទំនើបមួយចំនួននៅតែបិទទ្វារនាសប្ដាហ៍នេះ ហើយហាងមួយចំនួនកំពុងពង្រឹងសន្តិសុខ។ ឧប្បត្តិហេតុទាំងនោះ កើតមានពេលមានបាតុកម្ម ប្រឆាំងទំនិញឡើងថ្លៃ ដែលបាតុកម្មទាំងនោះប្រមូលផ្ដុំបណ្ដាសិស្សវិទ្យាល័យនិងនិស្សិត កសិករនិងបណ្ដាអ្នកបើកបរយានយន្ត។

ឧបនាយករដ្ឋមន្ត្រីអុីតាលីលោកម៉ារតេអូសាលវីនី បានបរិហារបាតុកម្មហិង្សានោះថា គួរឲ្យអៀនខ្មាស់ និងសន្យាតបតវិញភ្លាមៗ។ ចំណែករដ្ឋមន្ត្រីការពារប្រទេសអុីតាលីលោកហ្គីដូក្រូសេតតូ ចង់ឲ្យកងទ័ពអាចធ្វើសកម្មភាពដូចកងកម្លាំងប៉ូលិស ។
ចំណែកនៅបារាំងក្រោយបាតុកម្មហិង្សាកាលពីថ្ងៃទី១៧ តុលា ប្លន់ វាយនិងដុតបំផ្លាញ ក្លាយជាចលនាបះបោរនៅគ្រប់ទិសទីនៃប្រទេសតាមបណ្ដាញសង្គមមានការអំពាវនាវនានា ឲ្យបញ្ជូនកងទ័ពជួយធ្វើអន្តរាគមន៍។

នៅអុីតាលី បន្ទាប់ពីផ្ទុះបាតុកម្មហិង្សានៅក្រុងមីឡាន នៅ ក្រុងNAPLES ពួកអ្នកបើករថយន្តកាំមីញ៉ុង ដែលបានតវ៉ាចាប់តាំងពី១សប្ដាហ៍មកហើយ ប្រឆាំងការឡើងថ្លៃខ្ពស់នៃប្រេងម៉ាស៊ូតមកពីសង្គ្រាមអ៉ីរ៉ង់ កាលពីថ្ងៃទី២០ តុលា បានលើកគ្នាចូលប្រមូលយករបស់របរនៅតាមហាងលក់គ្រឿងទេសនានា និងយកប្រេងតាមស្ថានិយចាក់ប្រេងមួយចំនួននៃទីក្រុងអ៉ីតាលីនោះ។

កាលពីថ្ងៃទី១៩ តុលា ពួកបាតុករជាអ្នកបើករថយន្តកាំមីញ៉ុងបានរាំងខ្ទប់ ការលើកដាក់ បណ្ដាផលិតផលស្រស់ និងទំនិញ
ដទៃៗទៀតនៅតាមបណ្ដាឃ្លាំងស្តុកសម្រាប់ចែកចាយ ដល់បណ្ដាផ្សារទំនើបនៅក្រុងនេះ ។ បែបនេះ ពួកអ្នកបើករថយន្តកាំមីញ៉ុងបានចូលរួមក្នុងបាតុកម្ម ដែលឆ្លងរាលដាលនៅអឺរ៉ុប ខណៈដែលសង្គ្រាមបណ្ដាលឲ្យស្ទះសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ