ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង ILO-Korea បន្ត​ពង្រីក​យុទ្ធនាការ​បណ្តុះបណ្តាល​សុវត្ថិភាព និង​សុខភាព​ការងារ​ ដល់​គ្រឹះស្ថាន TVET

1 នាទី មុន

ខេត្តកំពង់ចាម​ ៖ វិទ្យាស្ថាន​ជាតិ​ការងារ និង​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​កម្មវិធី ភាព​ជា​ដៃគូ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​សាធារណរដ្ឋ​កូរ៉េ (ILO-Korea Partnership Programme) បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៣​ថ្ងៃ (២០-២២ ខែតុលា​) ស្តី​ពី «​ការ​លើកកម្ពស់​សមត្ថភាព​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​សម្រាប់​គ្រឹះស្ថាន TVET» នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ខេត្តកំពង់ចាម ​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពលោក លឹ​ម ស៊ុ​យ​ហុង អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​មានការ​ចូលរួម​ពី​សិក្ខាកាម​ចំនួន ២៥​នាក់ មក​ពី​គ្រឹះស្ថាន TVET ចំនួន​១១ ​។

វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​បំពាក់បំប៉ន​ចំណេះដឹង​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​ថ្នាក់ដឹកនាំ និង​គ្រូបង្រៀន TVET ក្នុង​ការ​បញ្ជ្រាប​វប្បធម៌​សុវត្ថិភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា និង​ការ​អនុវត្ត​ប្រចាំ​ថ្ងៃ​របស់​សិស្ស ព្រមទាំង​គាំទ្រ​ដល់​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ការ​ត្រួតពិនិត្យ​បរិយាកាស​សិក្សា​ឱ្យ​មាន​សុវត្ថិភាព និង​អនាម័យ​ខ្ពស់​មុន​ពេល​ពួក​គាត់​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ការងារ​ ។

ថ្លែង​ក្នុង​ពិធី​បើក លោក លឹ​ម ស៊ុ​យ​ហុង បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​អប់រំ​សុវត្ថិភាព និង​សុខភាព​ការងារ ដោយសារ​តែ​សិស្ស TVET ត្រូវ​អនុវត្ត​ផ្ទាល់​ជាមួយ​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី សារធាតុ​គីមី និង​ឧបករណ៍​សំណង់​ជាដើម​។ ឯកឧត្តម​គូសបញ្ជាក់​ថា ប្រសិនបើ​គ្មាន​ការ​បំពាក់បំប៉ន​វិធានការ​ការពារ​ទុកជា​មុន​នោះ​ទេ ពួក​គាត់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​ក្នុង​ពេល​សិក្សា និង​ពេល​ចេញ​ទៅ​បំពេញការងារ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ការ​វិនិយោគ​លើ​ចំណេះដឹង​ផ្នែក​សុវត្ថិភាព គឺជា​ការ​វិនិយោគ​យូរអង្វែង ​លើ​ធនធានមនុស្ស ដែល​ជួយ​បង្កើន​ផលិតភាព កាត់​បន្ថយ​ការ​ខាតបង់ និង​បង្កើត​ទំនុកចិត្ត​យ៉ាង​ខ្លាំង ​ពី​សំណាក់​និយោជក​ ។

ជាមួយ​គ្នា​នេះ លោក អ៊ុ​ន ប៊ុ​ន​ផឿ​ន អ្នកសម្របសម្រួល​គម្រោង ILO-Korea បាន​លើក​ឡើង​ថា គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ដែល​បាន​ចូលរួម គឺជា​តួអង្គ​ស្នូល​ក្នុង​ការ​នាំ​យក​ផែនការ​សកម្មភាព​ទាំងនោះ​ទៅ​អនុវត្ត​បន្ត​។ លោក​បាន​ក៏​បាន​រំលឹក​ពី​ទស្សនៈ​គន្លឹះ​ថា «​សុវត្ថិភាព គឺជា​ផ្នែក​មួយ​នៃ​ជំនាញ​វិជ្ជាជីវៈ​» ដោយ​លោក​បាន​គូសបញ្ជាក់​ថា អ្នកជំនាញ​ពិតប្រាកដ​មិន​ត្រឹមតែ​ធ្វើការ​បាន​លឿន ឬ​ត្រូវ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ចេះ​ធ្វើការ​ដោយ ​មាន​សុវត្ថិភាព​ទាំង​សម្រាប់​ខ្លួនឯង និង​អ្នក​ជុំវិញ​ខ្លួន​ផង​ដែរ​ ។

ការ​បណ្តុះបណ្តាល​នេះ នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​គុណភាព​បណ្តុះបណ្តាល​បច្ចេកទេស ដើម្បី​ធានា​ថា ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា គឺជា​កម្លាំង​ពលកម្ម​ដែល​មាន​ទាំង​ជំនាញ​ច្បាស់លាស់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​លើ​សុវត្ថិភាព​ការងារ​ ៕ អត្ថបទសហការ