ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិនៅយេម៉ែន៖ UN ព្រមានពីគ្រោះថ្នាក់ស៊ីវិលនៅក្រុង ក្រោយត្រូវពួកហ៊ូធីឡោមព័ទ្ធ ឯអង់គ្លេសប្រកាសបញ្ជូនទ័ពអាកាសជួយអារ៉ាប៊ីសាអូឌីត

5 ម៉ោង មុន

យេ​ម៉ែ​ន​-​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុង​តា​អេស​ជាទី​ក្រុង​ធំ​ទី​៣​របស់​យេ​ម៉ែ​ន ទីប្រជុំជន​នៃ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ត្រូវ​បាន​ពួក​ឧទ្ទាម​ហ៊ូ​ធី​​ឡោម​ព័ទ្ធ​បិទផ្លូវ ដែល​ភ្ជាប់​ទីក្រុង​នោះ​​ទៅ​ក្រុង​អា​ដេ​ន ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន​ទទួលស្គាល់​ដោយ​អន្តរជាតិ​ ។ ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កាលពី​ថ្ងៃ​ទី​២០​ តុលា​ បាន​ទាមទារ​ឲ្យ​បើក​ច្រក​មនុស្សធម៌​មួយ​នៅ​ក្រុង​តា​អេស ជាប់​ការ​ឡោម​ព័ទ្ធ​តាំងពី​ដើមខែ​តុលា​មក ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធ​អ៉ី​រ៉​ង់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ ​លោក​វ៉ុល​ កូ​តួ​ក ​នាយ​ស្នងការ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប បាន​ចេញ​ការ​ប្រកាស​អាសន្ន​ថា ការ​បិទផ្លូវ​ថ្នល់​តែ​មួយ​នេះ​ភ្ជាប់​ក្រុង​នោះ​ទៅ​ក្រុង​អា​ដេ​ន នាំ​ឲ្យ​បណ្ដាជន​ស៊ី​វិល​ស្ថិត​ក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ស្ទះ​ដល់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ និង​របស់របរ​ចាំបាច់​នានា​ ។ ស្បៀង​នៅ​ក្រុង​នេះ​ ចាប់ផ្ដើម​ខ្វះ​ក៏​ដូច​ជា​ទឹក​ស្អាត​ ។ ជាមួយ​ការ​ប្រយុទ្ធ​គ្នា​ដែល​កាន់តែ​ខិត​មក​ដល់ ក្នុង​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ​នោះ គ្រោះ​ថ្នាក់​ចំពោះ​បណ្ដាជន​ស៊ី​វិល​មាន​កាន់តែ​ខ្ពស់​ខ្លាំង​បំផុត​។

ចំពោះ​សង្គ្រាម​នៅ​យេ​ម៉ែ​ន​ប្រទេស​អង់គ្លេស​នឹង​បញ្ជូន​បណ្ដា​យន្តហោះ​ប្រយុទ្ធ​ទៅ​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ការ​ប្រឈម​មុខជា​មួយ​ពួក​ហ៊ូ​ធី​ ។ តាម​ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​ថា បណ្ដា​យន្តហោះ​ប្រយុទ្ធ​អង់គ្លេស​នឹង​ដាក់​ពង្រាយ ក្នុង​ពេល​ឆាប់​ៗ​ដោយ​មាន​បេស​កក​ម្ម​ការពារ​ប៉ុណ្ណោះ​ ។

គោលដៅ​គឺ​ជួយ​ការពារ​បណ្ដា​ទីក្រុង​កំពង់​ផែ​ព្រ​លាន​យន្តហោះ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​អា​រ៉ា​ប៊ី​សា​ឌី​ត ដែល​តែង​រង​ការ​វាយប្រហារ​ពី​សំណាក់​ពួក​ហ៊ូ​ធី​ ។ អង់គ្លេស​ស្វែងរក​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត ពេល​ដែល​ពួក​លោក​ខាងលិច ពិសេស ​អា​មេ​រិ​ក​បដិសេធ​មិន​ចូលរួម​ក្នុង​ជម្លោះ​ថែម​ទៀត​ ៕