សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) កំពូលមហាសេដ្ឋីពិភពលោក បានបញ្ជាក់ថា ក្រុមហ៊ុន SpaceX និង Tesla កំពុងពិចារណាលើការច្របាច់បញ្ចូលគ្នា ដែលអាចបង្កើតបានទៅជាក្រុមហ៊ុនយក្សតម្លៃប្រមាណ ៣,៥ ទ្រីលានដុល្លារអាមេរិក។ បច្ចុប្បន្នគណៈកម្មាធិការឯកទេសក្រុមហ៊ុនទាំងពីរ បានចាប់ផ្តើមពិភាក្សាគ្នាហើយ ប៉ុន្តែមិនទាន់មានការសម្រេច ឬកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ នេះតាមប្រភពពី Reuters និង BBC ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា។
ជាមួយការវាយតម្លៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រហែល ១,៥ ទ្រីលានដុល្លារ និងក្រុមហ៊ុនអវកាស SpaceX តម្លៃ ២ ទ្រីលានដុល្លារនោះ ការរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរ នឹងក្លាយជាការរួមបញ្ចូលគ្នាដ៏មានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ ដំណឹងនេះ បានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុន SpaceX កើនឡើងដល់ ៨% ភា្លមៗ នៅក្នុងការជួញដូរក្រៅម៉ោងផ្លូវការ។
ចំណុចសំខាន់នៃការច្របាច់បញ្ចូលក្រុមហ៊ុនទាំងពីរនេះ គឺជាការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), មនុស្សយន្ត, ប្រព័ន្ធកុំព្យូទ័រ និងបន្ទះឈីប ជាពិសេសការពង្រីកសេវាកម្មអ៊ីនធឺណិត Starlink និងប្រព័ន្ធរ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ជាមួយនឹងអាជីវកម្មរថយន្តអគ្គិសនី និងថាមពលរបស់ក្រុមហ៊ុន Tesla។
លោក អេឡុន ម៉ាសក៍ បានលើកឡើងថា លោកពេញចិត្តគំនិតនៃការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុនដ៏លេចធ្លោជាងគេបំផុតទាំងពីររបស់លោក ហើយវាកំពុងស្ថិតក្រោមការពិចារណាដោយយកចិត្តទុកដាក់។ លោកបានបញ្ជាក់ថា ភាពប្រាកដប្រជានៃការច្របាច់បញ្ចូលគ្នានេះ មិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ហើយក៏ត្រូវការការគាំទ្រពីបណ្តាម្ចាស់ភាគហ៊ុនផងដែរ។ ទោះយ៉ាងណាក៏ដោយ គណៈកម្មាធិការពិសេសក្នុងក្រុមហ៊ុនទាំងពីរត្រូវបានបង្កើតឡើងរួចហើយ ដើម្បីសិក្សាអំពីបញ្ហានេះ។
ដំណឹងនេះ ក៏បានកើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla ទើបតែបង្ហាញរថយន្តស្ព័រអគ្គិសនីជំនាន់ថ្មី «Roadster» ជាផ្លូវការរបស់ខ្លួន ផ្អើលពិភពលោក កាលពីពេលថ្មីៗនេះ ដែលមានសមត្ថភាពបើកបរផ្កាប់ចុះក្រោមលើផ្លូវជម្រាលដ៏ខ្ពស់ ដោយប្រើប្រព័ន្ធបឺតខ្យល់ (Suction) រួចហោះបង្វិលខ្លួនលើអាកាស ហើយចុះចតមកវិញ ដោយប្រើប្រព័ន្ធកម្លាំងរុញខ្យល់ Thrusters ដែលជាបច្ចេកវិទ្យារ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX។
អ្នកវិភាគទីផ្សារមួយចំនួនបានមើលឃើញថា វត្តមានរបស់ Tesla Roadster គឺជាយុទ្ធសាស្ត្របញ្ចេញសាច់ដុំ ក៏ដូចជាបង្ហាញសមត្ថភាពវិស្វកម្មដ៏កំពូល និងជាការត្រួសត្រាយផ្លូវដ៏សំខាន់របស់ក្រុមហ៊ុន Tesla និង SpaceX នៅពេលអនាគត៕





ចែករំលែកព័តមាននេះ