គ្មានការលើកលែងដាច់ខាត ! ១០ថ្ងៃកម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ ៧២១នាក់ មាន២០សញ្ជាតិ ទៅស្រុកវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់ សរុបចំនួន៧២១នាក់ (ស្រី៩៥នាក់) មាន ២០សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជាទៅស្រុកវិញ ។ នេះបើអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបណ្តេញជនបរទេសនេះធ្វើឡើង តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជាបន្តបន្ទាប់ ។

ជនបរទេសទាំង ២០សញ្ជាតិ រួមមាន ៖ ឥណ្ឌូនេស៊ី, ចិន, បង់ក្លាដេស, ហ្វីលីពីន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, កាមេរូន, ជប៉ុន, ហ្គាណា, ចិនតៃវ៉ាន់, ម៉ាឡេស៊ី, កូរ៉េ, យូហ្គង់ដា, ឥណ្ឌា, មីយ៉ាន់ម៉ា, បារាំង, លីបេរីយ៉ា, ស្វីស, អ៊ូបេគីស្ថាន និងអាមេរិក ។
ក្នុងចំណោមជនបរទេសទាំងនោះមាន ៖ ជនជាតិចិន ចំនួន៩០នាក់ (ស្រី០៣នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមជើងហោះ ហើរពិសេស ។ ជនជាតិឥណ្ឌូនេស៊ី ចំនួន៣៥៥នាក់ (ស្រី ៥៤នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា ៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។
ប្រភពបានលើកឡើងថា ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកសម្ដេចធិបតីធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ។

អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕




ចែករំលែកព័តមាននេះ