ឃាត់ខ្លួនជន២នាក់ ក្លែងប.ន្លំជាមន្ត្រីយោធា ដើរសុំជំនួយតាមវត្ត ផ្សារ និងផ្ទះពលរដ្ឋថាយកទៅជួយដល់កងទ័ពជួរមុខ
- សៀមរាប
ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន ២នាក់ ក្លែងបន្លំជាមន្ត្រីយោធា ដើរសុំជំនួយតាមវត្តអារាម តាមផ្សារ និងតាមផ្ទះ ប្រជាពលរដ្ឋ ថាយកទៅជួយដល់កងទ័ពជួរមុខ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួន យកមកសួរនាំ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នោះធ្វើឡើងនៅវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពីកម្លាំងជំនាញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ ដោយអះអាងថាយកទៅជួយកងទ័ពជួរមុខ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានអះអាងថា សម្ភារៈ និងប្រាក់ដែលប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះដែរ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារមួយចំនួន ដើម្បីបន្តនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ក្លែងបន្លំស្លៀកសម្លៀកបំពាក់យោធា ដើរសលុយពីប្រជាពលរដ្ឋ ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាបរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ហើយបញ្ជូនបន្តទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
ក្នុងករណីខាងលើនោះដែរ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនផ្តល់ជំនួយដល់បុគ្គលដែលអះអាងថាប្រមូលជំនួយសម្រាប់ជួយកងទ័ព៕










ចែករំលែកព័តមាននេះ