ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​នឹង​ការ​មិន​ប្រើ​ផលិតផល​ថៃ ក្លិប​អ្នកកាសែត​កម្ពុជា និង FASMEC បើក​វេទិកា​បង្ហាញ​ពី​សក្តានុពល​ផលិតផល​ខ្មែរ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) និង​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) នៅ​ថ្ងៃ​ទី ៣…

រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) និង​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (FASMEC) នៅ​ថ្ងៃ​ទី ៣ ខែមេសា ឆ្នាំ ​២០២៦ នេះ បាន​រៀបចំ​វេទិកា​សារព័ត៌មាន​លើ​ប្រធានបទ​ ៖ «​រួម​គ្នា​ផលិត រួម​គ្នា​ប្រើ​ផលិតផល​ជាតិ​» ដើម្បី​ពង្រឹង និង​ពង្រីក​ផលិតផល​ក្នុងស្រុក​ទាំង​បរិមាណ និង​គុណភាព សុវត្ថិភាព ធ្វើ​យ៉ាងណា​បំពេញតម្រូវការ​ប្រើប្រាស់​អំឡុង​ពេល​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ប្រទេស​ថៃ ។ វេទិកានេះ​មាន​អ្នក​សារព័ត៌មាន​ចូលរួម​មក​ពី ៦០ ស្ថាប័ន ។

វេទិកា​នេះ​ក៏​មាន​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​សំខាន់​ៗ ​ជា​ច្រើន​ផង​ដែរ​ដែល​គ្រោង​នឹង​ដាក់​តាំងបង្ហាញនៅ​ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ ឆ្នាំ ២០២៦ លើក​ទី ៣ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី​ ១២ ខែមេសា ឆ្នាំ ២០២៦ ខាង​មុខ​នេះ ។

ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មូលនិធិ​សម្ដេច​តេ​ជោ និង FASMEC បានឱ្យ​ដឹង​ថា ដោយសារ​មាន​សំណូមពរ​ពី​ម្ចាស់​សហគ្រាស សិប្បកម្ម ដែល​បាន​ចូលរួម​ពិព័រណ៍​កាលពី​លើក​ទី ១ និង​លើក​ទី ២ ទទួល​បាន​ជោគជ័យ ដូច្នេះ​ពួក​គាត់​ចង់ឱ្យ​រៀបចំ​ការ​ពិ​ព​រ័​ណ៍​ដូច​គ្នា​នេះ​ជា​លើក​ទី ៣ និង​ជា​បន្តបន្ទាប់​ទៀត ។ លោក ឧកញ៉ា បាន​បន្ត​ថា ការ​តាំងពិព័រណ៍​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​ក្រុមហ៊ុន​ចូលរួម​កើន​ឡើងជា​លំដាប់ ហើយ​សម្រាប់​លើក​ទី ៣ នឹង​មាន​ស្តង់​បង្ហា​ញ​ផលិតផល​ចូលរួម​ចំនួនជាង ៣០០ ស្តង់ ។ អ្វី​ដែល​ប្លែក​ជាង​មុន គឺ​ដោយសារ​លើក​នេះ​មាន​ផលិតផល​ថ្មី​ៗ ប្លែកៗជាច្រើនដែលមានទាំងគុណភាព សោភ័ណភាព និងបរិមាណដែលអាចទទួលយកបាន ព្រមទាំង​បច្ចេកវិទ្យា​ផលិត​ទំនើប​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ