អន្តរជាតិ ៖ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើអ្វីដែលខ្លួនហៅថាហេដ្ឋារចនាសម្ព័ន្ធកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ ងាកទៅប្រទេសចិនឯណោះវិញ កាលពីថ្មីៗនេះ ក៏កំពុងតែភ្ញាក់ ក៏ដូចជាបង្ហាញពីអ្វីដែលខ្លួនហៅថាមហិច្ឆតាដ៏សម្ងាត់របស់ជប៉ុន មិនត្រឹមតែផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើផ្លូវដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកទៀតផង។
យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បានរាយការណ៍ថា អ្នកនាំពាក្យយោធាចិនបានចោទប្រកាន់ប្រទេសជប៉ុនថាបានពង្រីកឧស្សាហកម្មការពារជាតិរបស់ខ្លួនយ៉ាងគ្រោះថ្នាក់ ទាំងសមត្ថភាព បច្ចេកវិទ្យា និងការចូលរួមអន្តរជាតិ ហើយបាននិយាយថា ជប៉ុនបានឆ្លងកាត់បន្ទាត់ក្រហមហើយ។
នៅក្នុងរបាយការណ៍ពេញទំព័រមួយដ៏កម្រ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ កាសែតកងទ័ពរំដោះប្រជាជនចិន (PLA Daily) បានអះអាងថា ប្រទេសជប៉ុនមានឃ្លាំងស្តុកសម្ភារៈនុយក្លេអ៊ែរ និងបច្ចេកវិទ្យាដើម្បីផលិតអាវុធនុយក្លេអ៊ែរគួរឱ្យភ្ញាក់ផ្អើលបំផុត ជាមួយសារធាតុភ្លុយតូនីញ៉ូម (Plutonium) ចំនួន ៤៤,៤ តោនត្រូវបានបំបែករួចហើយកាលពីចុងឆ្នាំ ២០២៤ ដែលវាគ្រប់គ្រាន់ឱ្យជប៉ុនធ្វើក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥ ៥០០ គ្រាប់។
នេះជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះបើតាមរបាយការណ៍ចុងក្រោយពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែតបានបង្ហាញថា បច្ចុប្បន្ន ប្រទេសរុស្ស៊ី គឺជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោក ជាមួយស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥ ៤៥៩ គ្រាប់។ តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន ៥ ១៧៧ គ្រាប់ និងចិនត្រឹម ៦០០ គ្រាប់។ ដូច្នេះ បើតាមកាសែតកងទ័ពរំដោះប្រជាជនចិនអះអាងនោះ ជប៉ុនមិនត្រឹមតែអាចផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឡើងឈរជាមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកទៀតផង។ នេះបើតាមប្រភពពី EurAsian Times ដែលផ្តល់ព័ត៌មានពីវិស័យយោធាសកលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន (Kyodo) ក៏បានរាយការណ៍កាលពីខែសីហា ឆ្នាំមុនថា ស្តុកសារធាតុផ្លាតូញ៉ូមរបស់ជប៉ុនមានចំនួន ៤៤,៤ តោន គិតត្រឹមចុងឆ្នាំ ២០២៤ ដែលគ្រប់គ្រាន់ដើម្បីបង្កើតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់។ យោងតាមទីភ្នាក់ងារនេះ ភ្លុយតូនីញ៉ូមជប៉ុនត្រូវបានរក្សាទុកទាំងក្នុងប្រទេសផ្ទាល់ និងនៅចក្រភពអង់គ្លេស និងបារាំង ជាកន្លែងដែលកាកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរជប៉ុនត្រូវបានកែច្នៃទៅជាសារធាតុភ្លុយតូនីញ៉ូម ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា។
ជាមួយគ្នានោះ កាសែតកងទ័ពរំដោះប្រជាជនចិនបានព្រមានថា នៅពេលដែលជប៉ុនរួចផុតពីការរឹតបន្តឹងទាំងស្រុងនៃគោលការណ៍គ្មាននុយក្លេអ៊ែរទាំង ៣ ពោល មិនកាន់កាប់ ផលិត ឬអនុញ្ញាតឱ្យមានការប្រើអាវុធនុយក្លេអ៊ែរនោះ «ខ្លាអាស៊ីជប៉ុន» អាចក្លាយជារដ្ឋមានអាវុធនុយក្លេអ៊ែរជាក់ស្តែងក្នុងរយៈពេលដ៏ខ្លីបំផុត។ ដ្បិតប្រទេសអាស៊ីខាងកើតមួយនេះ បានធ្វើការជាប្រព័ន្ធដើម្បីបណ្តុះឧស្សាហកម្មការពារជាតិ គ្របដណ្តប់ពីបច្ចេកវិទ្យាស៊ីវិល ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយការពារជាតិ និងការបញ្ចេញសក្តានុពលឧស្សាហកម្មយោធារបស់ខ្លួន។
បើតាមរបាយការណ៍ពីកាសែតកងទ័ពរំដោះប្រជាជនចិន ជប៉ុនបានបែងចែកថវិកាចំនួន ១៧,៥ ពាន់លានយ៉េន ឬប្រហែល ១០៩,៦ លានដុល្លារអាមេរិកដល់កម្មវិធីស្រាវជ្រាវផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបក្នុងឆ្នាំ ២០២៥ ដែលច្រើនជាង ១៨ ដងធៀបនឹងឆ្នាំ ២០២២ ដោយមានគោលបំណងបំលែងបច្ចេកវិទ្យាស៊ីវិលសម្រាប់ការប្រើប្រាស់យោធា។ របាយការណ៍បន្តថា ក្រសួងការពារជាតិជប៉ុនបានបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានវានុវត្តន៍បែបទីភ្នាក់ងារគម្រោងស្រាវជ្រាវការពារជាតិកម្រិតខ្ពស់ (DARPA) នៅក្នុងឆ្នាំ ២០២៤ ហើយកំពុងលើកទឹកចិត្តបណ្តាក្រុមហ៊ុនស៊ីវិលកាន់តែច្រើនឱ្យចូលរួមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកយោធា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងជប៉ុនបានប្រេះឆាកាន់តែខ្លាំង និងឆាប់រហ័ស ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងទៅកាន់សភាថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ ដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន អាចជំរុញឱ្យមានការឆ្លើយតបផ្នែកយោធាពីជប៉ុន។ ការអត្ថាធិប្បាយនេះបានធ្វើឱ្យចិនក្តៅសន្លឹកត្រចៀកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនក៏ទើបតែបានដំឡើងអាវុធទំនើបៗ ដែលមានសមត្ថភាពអាចបាញ់ទៅដល់ប្រទេសចិនថែមទៀតផង ដែលនេះប្រៀបដូចជា ចាក់សាំងបន្ថែមទៅលើភ្លើងកំពុងឆេះអ៊ីចឹង៕ ប្រភព ៖ South China Morning Post និង EurAsian Times




ចែករំលែកព័តមាននេះ