ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៤​ ខែឧស​ភា ឆ្នាំ២០២៦​ គ្រោះថ្នាក់ចរាចរណ៍នៅ កំពង់ឆ្នាំង និងស្វាយរៀង អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់

55 នាទី មុន

រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៤​ ខែឧស​ភា ឆ្នាំ២០២៦​នេះ បងប្អូន​កម្មក​រចំនួន ៥០​នាក់ បានសះស្បើយ និងវិល​ត្រឡប់​ទៅផ្ទះវិញ…

រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៤​ ខែឧស​ភា ឆ្នាំ២០២៦​នេះ បងប្អូន​កម្មក​រចំនួន ៥០​នាក់ បានសះស្បើយ និងវិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះ គឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ។

លោក ស៊ុន​ មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១៧នាក់។​ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៥នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ក្នុងនោះម្នាក់ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២៩នាក់ ។

បើតាមអ្នកនាំពាក្យដដែលរូបនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ  ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទនៅតែបន្តសម្របសម្រួល ចុះពិនិត្យ និងចុះសួរសុខទុក្ខ ហើយជួយយកអាសានៅតាម​មន្ទីរ​ពេទ្យ​នា​នា ។

ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យនៅតាមមន្ទីរពេទ្យជាតិក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវជូនទៅកាន់ក្រុមគ្រួសារ និងបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករជាប្រចាំ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ៕ អត្ថបទសហការ