ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវពីក្រោយប្រាសាទភ្លោះ និងពាក្យសម្បថថ្វាយជីវិតរបស់មន្ត្រីបុរាណ៤០០នាក់

1 នាទី មុន

សៀមរាប ៖ ស្ថិត​នៅ​ពីក្រោយ​ប្រាសាទ​សួរ​ព្រ័ត និង​នៅ​ប៉ែក​ខាងកើត​នៃ​ព្រះ​បរមរាជវាំង ប្រាសាទ​ឃ្លាំង គឺជា​សំណង់​ថ្មភក់​ភ្លោះ​ដ៏​ស្វាហាប់ ដែល​ឈរ​អម​សងខាង​ផ្លូវ​ឆ្ពោះទៅ​កាន់​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ។ ប្រាសាទ​ដ៏​វិចិត្រ​ទាំង​ពីរ​នេះ​មាន​រូបរាង​ស្ទើរតែ​ដូច​គ្នា​ទាំងស្រុង បើ​ទោះបីជា​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ខុស​គ្នា​ក៏​ដោយ…

សៀមរាប ៖ ស្ថិត​នៅ​ពីក្រោយ​ប្រាសាទ​សួរ​ព្រ័ត និង​នៅ​ប៉ែក​ខាងកើត​នៃ​ព្រះ​បរមរាជវាំង ប្រាសាទ​ឃ្លាំង គឺជា​សំណង់​ថ្មភក់​ភ្លោះ​ដ៏​ស្វាហាប់ ដែល​ឈរ​អម​សងខាង​ផ្លូវ​ឆ្ពោះទៅ​កាន់​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ។ ប្រាសាទ​ដ៏​វិចិត្រ​ទាំង​ពីរ​នេះ​មាន​រូបរាង​ស្ទើរតែ​ដូច​គ្នា​ទាំងស្រុង បើ​ទោះបីជា​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ខុស​គ្នា​ក៏​ដោយ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ។

ប្រាសាទ​ឃ្លាំង​ខាងជើង កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១០ ដោយ​ព្រះបាទ​ជ័យ​វ​ម៌​ទី​៥ ដែល​ដំបូង​ឡើយ​បាន​ផ្តួចផ្តើម​សាង​ក្នុង​រាជ្យ​ព្រះបាទ​រាជេន្ទ្រ​វ​ម៌​ទី​២ ។ សំណង់​នេះ ប្រហែល​មាន​ប្រក់​ដំបូល​ធ្វើ​អំពី​ឈើ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​រុះរើ និង​សាងសង់​ជំនួស​ដោយ​ថ្មភក់​វិញ​យ៉ាង​រឹង​មាំ ។

ចំណែក​ប្រាសាទ​ឃ្លាំង​ខាងត្បូង កសាង​នៅ​ដើម​សតវត្សរ៍​ទី​១១ ដោយ​ព្រះបាទ​សូរ្យ​វ​ម៌​ទី​១ ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​ឃ្លាំង​ជើង​ដែរ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​បន្តិច ។

គួរ​រម្លឹក​ថា សំណង់​ទាំង​ពីរ​នេះ គឺជា​ដើម​កំណើត​នៃ​រចនាបថ​សិល្បៈ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ គឺ​«​រចនាបថ​ឃ្លាំង​» ដែល​មាន​ឥទ្ធិពល​ទៅ​ដល់​ប្រាសាទ​ល្បី​ៗ​ផ្សេង​ទៀត ដូច​ជា ប្រាសាទភិមានអាកាស និង​ប្រាសាទតាកែវ ជាដើម ។

ក្រៅពី​តម្លៃ​ផ្នែក​ស្ថាបត្យកម្ម ប្រាសាទ​ឃ្លាំង មិនមែន​គ្រាន់តែ​ជា​សំណង់​សាសនា​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​ជា «​បណ្ណសារដ្ឋាន​រដ្ឋបាល​» ដ៏​សំខាន់​បំផុត​មួយ​ក្នុង​សម័យ​អង្គរ​តាម​រយៈ​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​ដែល​បាន​ចារឹក​ទុក​នៅ​លើ​ជញ្ជាំង​ថ្ម ។

ទី​១ គឺ​ផែនទី​ដីធ្លី​ចារ​លើ​ថ្ម (​ប្រាសាទ​ឃ្លាំង​ខាងជើង​) នៅ​លើ​មេ​បង្អួច​មួយ ។ ជា«​ផែនទី​ដីធ្លី​» ឬ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​បុរាណ ដែល​មាន​អាយុកាល​ជាង​១០០០​ឆ្នាំ ។ នេះ​ជា​ភស្តុ​តាង​ដ៏​កម្រ និង​មាន​តម្លៃ​មហាសាល​ដែល​បង្ហាញ​ថា ចក្រភព​ខ្មែរ​សម័យ​នោះ មាន​ប្រព័ន្ធ​គ្រប់គ្រង ចុះបញ្ជី និង​បែងចែក​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋ និង​ប្រជារាស្ត្រ​យ៉ាង​ច្បាស់លាស់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រួច​ទៅ​ហើយ ។

ទី​២ ជា​សិលាចារឹក​ពាក្យ​សម្បថ​នៃ​ក្រុម​តម្រួត (K. 292) ដែល​បាន​ចារ​នៅ​លើ​មេ​ទ្វារ​នៃ​ប្រាសាទ​ឃ្លាំង​ខាងត្បូង ។ គឺជា​ពាក្យ​សម្បថ​របស់​ក្រុម​អ្នកកាន់កាប់​កិច្ចការរដ្ឋបាល ឬ​មន្ត្រីរាជការ​ក្នុង​សាមន្តរាជ​) ចំនួន ៤០០​នាក់ មក​ពី​បណ្តា​តំបន់​ចំណុះ​នានា​ជុំវិញ​ចក្រភព ។ ខ្លឹមសារ​សំខាន់​នៃ​ពាក្យ​សម្បថ​នោះ មាន​សេចក្តី​ថា​«​ក្រុម​មន្ត្រី​ទាំងអស់​ត្រូវ​ស្បថ​ថ្វាយ​ជីវិត ចំពោះ​មុខ​ព្រះ​ភក្ត្រ​របស់​ព្រះបាទ​សូរ្យ​វ​ម៌​ទី​១ ដោយ​សន្យា​ថា​នឹង​ស្មោះត្រង់ ការពារ​ព្រះមហាក្សត្រ ការពារ​ទឹកដី មិន​ក្បត់​រាជបល្ល័ង្ក និង​បំពេញការងារ​រដ្ឋបាល​ដោយ​យុត្តិធម៌ ។ ប្រសិនបើ​ជន​ណា​ក្បត់ ពាក្យ​សម្បថ​នោះ​នឹង​ធ្លាក់​នរក ប៉ុន្តែ​បើ​ស្មោះត្រង់​នឹង​ទទួល​បាន​បុណ្យ​កុសល និង​ការ​លើកតម្កើង​ជាដើម​» ។

ភស្តុ​តាង​ទាំង​ផែនទី​ដីធ្លី និង​សិលាចារឹក​ពាក្យ​សម្បថ នៅ​ប្រាសាទ​ឃ្លាំង បាន​ផ្តល់​ព័ត៌មាន​យ៉ាង​ច្បាស់​ថា ក្នុង​សម័យ​អង្គរ ចក្រភព​ខ្មែរ​មាន «​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​កណ្តាល​» ដ៏​មាន​ឥទ្ធិពល និង​មាន​របៀបរៀបរយ​ខ្ពស់​បំផុត ។ វា​ស្តែង​ឱ្យ​ឃើញ​ពី​ការ​បង្រួបបង្រួម​ជាតិ ការ​ពង្រឹង​អំណាចច្បាប់ និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​មន្ត្រីរាជការ​យ៉ាង​តឹងរ៉ឹង ដែល​ជា​គ្រឹះស្ថាន​ដ៏​រឹង​មាំ​ធ្វើ​ឱ្យ​ចក្រភព​អង្គរ​ឈាន​ដល់​ចំណុចកំពូល​នៃ​ភាព​រុងរឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ