កន្លងទៅថ្មីៗក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអភិរក្សសត្វកន្ធាយក្បាលកង្កែប ដែលដឹកនាំដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចូលរួមសហការដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានស្រាវជ្រាវ និងរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន១៤ សម្បុក នៅតាមឆ្នេរខ្សាច់នៃដងទន្លេមេគង្គ ។ នេះបើយោងតាមផេកអង្គការ WCS កម្ពុជា បានប្រកាសនាថ្ងៃទី៣ ខែឧសភានេះ ។
រហូតមកដល់ពេលនេះ សម្បុកចំនួន១២ នៃសម្បុកទាំង១៤ ដែលបានរកឃើញ មានកូនកន្ធាយញាស់បានចំនួន២៥៧ ក្បាលហើយ ខណៈដែលក្រុមការងារកំពុងតាមដានការញាស់កូនកន្ធាយក្នុងសម្បុកចំនួន២ ទៀត ដែលមិនទាន់មានកូនញាស់នៅឡើយ ។
ក្នុងចំណោមកូនកន្ធាយ ដែលទើបញាស់ថ្មីទាំងអស់ កូនកន្ធាយចំនួន៤៣ក្បាល បានចូលទៅក្នុងទន្លេមេគង្គបន្ទាប់ពីញាស់ភ្លាមៗ ខណៈកូនកន្ធាយដែលនៅសល់នៅលើឆ្នេរខ្សាច់ចំនួន២១៤ទៀត ត្រូវបានក្រុមការជំនាញយកទៅថែទាំក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីគាំពារ និងថែទាំឱ្យបានល្អមុននឹងលែងចូលទៅទីជម្រកធម្មជាតិវិញ ។ ការថែទាំនេះ គឺដើម្បីធានាថា កូនកន្ធាយអាចមានលទ្ធភាពរស់រានបានល្អប្រសើរ បន្ទាប់ពីពួកវាត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ។
ការរកឃើញសម្បុក និងការទទួលបានកូនញាស់ថ្មីដោយជោគជ័យ ក្នុងរដូវកាលពងកូននេះ បានបង្ហាញពីសិមិទ្ធផលជាទីមោទនៈ និងបានបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល អង្គការ WCS អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ អភិរក្សទីជម្រកធម្មជាតិ និងការទប់ស្កាត់បទល្មើសនានាតាមដងទន្លេមេគង្គ ជាពិសេសបទល្មើសនេសាទខុសច្បាប់ ។
សូមអំពាវនាវដល់បងប្អូនប្រជានេសាទ មេត្តាកុំនេសាទចាប់មេពូជកន្ធាយក្បាលកង្កែប យកមកធ្វើម្ហូប ជួញដូរ និងបំផ្លាញទីជម្រករបស់វាឡើយ ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានចូលរួមក្នុងកិច្ចសហការ ការពារ និងអភិរក្សប្រភេទសត្វកម្រទទួលរងគ្រោះជិតផុតពូជបំផុតនេះ ៕



ចែករំលែកព័តមាននេះ