រាជធានីភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ ខណៈកំពុងដើរអូសរទេះតាមផ្លូវ ពេលមេឃកំពុងភ្លៀងខ្យល់លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់មែកដើមត្រសេកសង្កត់លើស្លាប់តែម្តង កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចម្តុំសមាគមមួយកន្លែង ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះងៀន យ៉ាងយ៉េ ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម មុខរបររើស
អេតចាយ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ មានមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ហើយបុរសជនរងគ្រោះខាងលើឧស្សាហ៍ដើរអូសរទេះអេតចាយឆ្លងកាត់ទីនោះជាញឹកញាប់ ។
ប្រភពបន្តទៀតថា ដោយសារតែមេឃភ្លៀងខ្លាំង ម្នាក់ៗបានរត់ចូលជ្រកក្នុងផ្ទះអស់ លុះដល់មេឃរាំងភ្លៀងវិញ ពលរដ្ឋរស់នៅក្បែរនោះ បានចេញមកខាងក្រៅ ស្រាប់តែប្រទះឃើញមែកដើមត្រសេកមួយបានបាក់សង្កត់លើរទេះអេតចាយនិងមនុស្ស មិនដឹងថាជនរងគ្រោះស្លាប់តាំងពីពេលណានោះទេ ទើបនាំគ្នាផ្អើលឆោឡោដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលភ្នំពេញ បានចុះទៅពិនិត្យសពរួចហើយ ក៍ប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ