រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យមានការការពារខ្លួនពីការឆ្លងជំងឺ
កូវីដ-១៩ បម្លែងថ្មី NB.1.8.1 ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បម្លែងថ្មី NB.1.8.1 ជាពិសេស នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមានសាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ ។ វីរុសបម្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្តចេញពីពូជអូមីក្រុង (Omicron) ខ្សែស្រឡាយ JN.1។
នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះ ជា «វីរុសបម្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសាកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច ។
បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។ ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥ ។
ក្រសួងបានបន្តថា ចាប់តាំងពីដើមឆ្នាំ២០២៦មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចដែលបានផ្សាយជូនក្នុងប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺ
កូវីដ-១៩គ្រប់ទម្រង់ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖
អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺ ពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬដែលលាងដៃ។
ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
សូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បី បង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់ ៕
ចែករំលែកព័តមាននេះ