រាជធានីភ្នំពេញ ៖ រថយន្ត ១គ្រឿង ដឹកឈើស្រល់ពេញទ្រុង បានបើកបរក្រឡឹងរង្វង់មូលលោកភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ក្នុងល្បឿនលឿនគួរសមដែរ ក៏ស្រាប់តែក្រឡាប់ចាក់ឈើចោលពេញផ្លូវតែម្ដង។ ប៉ុន្តែសំណាងល្អ ដែលមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬសង្កត់លើផ្ទះអ្នកភូមិ ដែលស្ថិតនៅក្បែរនោះឡើយ ហើយអ្នកបើកបររថយន្តខាងលើនេះ ក៏គ្រាន់តែរបួសបន្តិចបន្តួចប៉ុណ្ណោះ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវបែកចាន-ភ្នំបាសិទ្ធិ ត្រង់ចំណុចរង្វមូលលោកភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ដែលអ្នកភូមិតែងហៅថា រង្វង់មូលតាង៉ុយ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អ្នកភូមិខាងលើ បានប្រាប់ថា រថយន្តដែលក្រឡាប់នោះម៉ាកគា (KIA) ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-7499 ដឹកឈើស្រល់ពេញទ្រុង បើកបរដោយបុរសម្នាក់ ដែលពុំដឹងថា ដឹកឈើស្រល់នោះមកពីទីណា និងយកទៅដាក់នៅកន្លែងណាមួយនោះទេ ។ មិនតែប៉ុណ្ណោះ ក៏ពុំដឹងថា ជាឈើមានច្បាប់ឬឈើអត់ច្បាប់នោះដែរ ដោយឡែកនៅមុនពេលកើតហេតុ រថយន្តនេះបានបើកបរធ្វើដំណើរតាមផ្លូវបេតុងផ្សារទួលលៀប ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគ្រាន់បើដែរ ។
អ្នកភូមិ បានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ផ្លូវបែកចាន-ភ្នំបាសិទ្ធ ក៏បានបត់ឆ្វេងវង់តាមរង្វង់មូលលោកភិរម្យ ភាសាអ៊ូ ហៅក្រមង៉ុយ ដែលអ្នកភូមិតែងនាំគ្នាហៅថារង្វង់មូលតាង៉ុយ។ ខណៈនោះ បានធ្វើឲ្យរថយន្តកំពុងបើកលឿនហើយដឹកធ្ងន់ផងក៏មានសភាពឃ្លេងឃ្លោងបាត់បង់លំនឹង ហើយក៏បានក្រឡាប់ភីង បណ្ដាលឲ្យរងការខូចខាតនិងខ្ជាក់ឈើចេញក្រៅពេញផ្លូវតែម្ដង ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះសំណាងល្អណាស់ដែលមិនបានបណ្ដាលឲ្យប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវ ឬសង្កត់លើផ្ទះនៅជិតនោះបណ្ដាលឲ្យខូចខាតចំណែកអ្នកបើកបរក៏គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ឪឡោក បានចុះទៅកាន់ទីនោះ ហើយដោយសារតែមិនមានគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតទ្រព្យសម្បត្តិសាធារណៈ ក៏បានឲ្យម្ចាស់ស្ទូចលើករថយន្តនេះទៅជួសជុល ៕











ចែករំលែកព័តមាននេះ