ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​ទាំងស្រុង នៅសង្កាត់​ចោមចៅទី២ ព្រឹកមិញ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ភ្លាម​ៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ពន្លត់​រលត់​ទៅ​វិញ ។ ប៉ុន្តែ​យានដ្ឋាន​នោះ រួម​ទាំង​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង ព្រមទាំង​សម្ភារៈ​ច្រើន​ទៀត បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​ទាំងស្រុង…

រាជធានី​ភ្នំពេញ​៖ យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ភ្លាម​ៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ពន្លត់​រលត់​ទៅ​វិញ ។ ប៉ុន្តែ​យានដ្ឋាន​នោះ រួម​ទាំង​រថយន្ត​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង ព្រមទាំង​សម្ភារៈ​ច្រើន​ទៀត បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​ទាំងស្រុង ព្រមទាំង​ឆេះ​រោល​រថយន្ត​ម៉ាក​ហ្វ​ត​១​គ្រឿង​ទៀត​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​នោះ​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ហើយ​យានដ្ឋាន​ជួសជុល​រថយន្ត​ខាងលើ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់​យានដ្ឋាន​ខាងលើ​នោះ​ឈ្មោះ​មាស ភក្ដី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ហើយ​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​គាត់​ជា​សំណង់​ដែក​ប្រក់​ស័ង្កសី មាន​ទំហំ​ទទឹង​១៣​ម៉ែត្រ និង​បណ្ដោយ​២០​ម៉ែត្រ ។ ដោយឡែក​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារៈ​ផ្សេង​ៗ បាន​រង​ការ​ឆាបឆេះ​ខូចខាត​ទាំងស្រុង ហើយ​ក៏​មាននៅ​រថយន្ត​១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​ព​ណ៍​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​តាកែវ​2A-1732 ត្រូវ​ភ្លើង​ឆេះ​នៅ​សល់​តែ​ផ្នែក​ខាងក្រោយ​បន្តិច​ប៉ុណ្ណោះ និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​១​គ្រឿង​ទៀត​ក៏​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ដែរ ។ រថយន្ត​និង​ម៉ូតូ​នេះ គឺជា​កម្មសិទ្ធិ​របស់​គាត់​(​ម្ចាស់​យានដ្ឋាន​ខាងលើ​) រីឯ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ្វ​ត​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-1987 ជា​របស់​ភ្ញៀវ​ដែល​បាន​យក​ទៅ​ជួសជុល ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ តែ​ដោយសារ​បើក​ចេញ​ទាន់​ពេល ទើប​គ្រាន់តែ​ឆេះ​រោល​ៗ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ភ្លើង​ចាប់ផ្ដើម​ឆេះ​ចេញពី​បន្ទប់​ដាក់​គ្រឿងបន្លាស់​រថយន្ត​មុន ហើយ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ក៏​ឆេះ​រាល​ពេញ​យានដ្ឋាន​ទាំងមូល ដោយ​មាន​អណ្ដាតភ្លើង​សន្ធោសន្ធៅ និង​ផ្សែង​ឃ្មួ​ល​ខ្មាញ់ ។ ពេល​នោះ​អ្នក​ភូមិ​បាន​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ​ឡើយ ចំណែក​ម្ចាស់​យក​ចេញ​បាន​តែ​រថយន្ត​ហ្វ​ត​១​គ្រឿង​ដែល​ភ្ញៀវ​យក​ទៅ​ជួសជុល​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​បាន​ភ្លើង​គ្រប់គ្រង​ទាំងស្រុង លុះ​មួយសន្ទុះ​ក្រោយមក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទៅ​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ ។

សាក្សី​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ជា​ច្រើន​គ្រឿង​ហើយ​បាញ់​ទឹក​អស់​ច្រើន​រថយន្ត​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ឆេះ​រាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ