រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ(ដប់ប្រាំបីឆ្នាំ) ដល់ ២៥ឆ្នាំ(ម្ភៃប្រាំឆ្នាំ) ដែលត្រូវបំពេញកាតព្វកិច្ចយោធាដោយប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធាមាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ ។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំ (ដប់ប្រាំបីឆ្នាំ) ដល់២៥ឆ្នាំ (ម្ភៃប្រាំឆ្នាំ) ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះ ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ។ ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។
កន្លងមក ព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ កងយោធពលខេមរភូមិន្ទបាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះ គ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ