ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ការពារ​ព្រំដែន​ចាប់​បាន​បារី​៦០​ប៊ិក ​ដែល​ជន​ទុច្ចរិត​បម្រុង​​នាំ​ឆ្លង​ដែន ​និង​មធ្យោបាយ​ដឹក​​ជញ្ជូន ​តែ​ជនល្មើស​រត់​រួច

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​បើ​ទោះជា​អាជ្ញាធរ​ស្រុក​-​ខេត្ត និង​មន្ត្រី​ការពារ​ព្រំំ​ដែន​គ្រប់​ស្ថាប័ន ធ្លាប់​អួត​អាង​​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ពួក​គេ​បាន​និង​កំពុង​រឹត​បន្តឹង​ដាក់​ពង្រាយ​កម្លាំង​កក​កុញ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ  ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ​មនុស្ស ឬ​ទំនិញ​ឆ្លង​ដែន ចេញ​ទី​ប្រទេស​ថៃ​យ៉ាង​ប្រទាក់ក្រឡា​ក្ដី    ប៉ុន្តែ​បទល្មើស​រត់ពន្ធ​មនុស្ស…

ខេត្តបាត់ដំបង​ ៖ ​បើ​ទោះជា​អាជ្ញាធរ​ស្រុក​-​ខេត្ត និង​មន្ត្រី​ការពារ​ព្រំំ​ដែន​គ្រប់​ស្ថាប័ន ធ្លាប់​អួត​អាង​​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ពួក​គេ​បាន​និង​កំពុង​រឹត​បន្តឹង​ដាក់​ពង្រាយ​កម្លាំង​កក​កុញ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ  ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ​មនុស្ស ឬ​ទំនិញ​ឆ្លង​ដែន ចេញ​ទី​ប្រទេស​ថៃ​យ៉ាង​ប្រទាក់ក្រឡា​ក្ដី    ប៉ុន្តែ​បទល្មើស​រត់ពន្ធ​មនុស្ស និង​ការ​លួច​រត់ពន្ធ​ទំនិញ​​ឆ្លង​ដែន​ពី​កម្ពុជា​ចេញ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់  ហាក់ដូចជា​គ្មាន​ការ​ថមថយ​ឡើយ ​។

​ជា​ពិសេស ​នៅ​តាម​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង​តែ​ម្ដង ដែល​គេ​សង្កេត​ឃើញ​​ថា  បទល្មើស​រត់ពន្ធ​ឆ្លង​ដែន​នេះ ហាក់​មានការ​ធូរ​លុង​បំផុត ​។​ ជាក់ស្ដែង​ នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៨​យប់​​ថ្ងៃ​ទី​២៣ មេ​សា កម្លាំង​នគរបាល​ការពារ​ដែន សហការ​ជាមួយ​កម្លាំង​យោធា បាន​ឆ្មក់​ទៅ​បង្ក្រាប​ទំ​នី​ញ​រត់ពន្ធ (​បារី​) ដែល​ពួក​ជន​ទុច្ចរិត​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​ស្ដុក​ទុក​នៅ​ក្បែរ​មាត់​អូរ​ព្រំដែន​បម្រុង​នាំ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ  ត្រង់​ចំណុច​«​ស្ពានឈើ ផ្ទះ​តា​យូ​ន​» ដែល​ស្ថិត​ក្នុងភូមិ​អូរ​ក្រូច  ឃុំ​បឹង​រាំង  ស្រុក​កំ​រៀង​ ។

​យោងតាម​សេច​ក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ដូច​ភ្លេ​ក​បន្ទោរ​នេះ កម្លាំង​សមត្ថ​កិច្ច​រឹបអូស​បាន​តែ​វត្ថុ​តាង​ទេ  រីឯ​ក្រុម​ជន​ទុច្ចរិត​ហាក់​ដឹងខ្លួន​មុន ក៏​រត់គេច​ខ្លួន​បាត់​អស់​ភ្លាម​ៗ បន្សល់​ទុក​តែ​វត្ថុ​តាង ដូច​ជា​បារី  ម៉ូតូ  រទេះរុញ  និង​កូន​ត្រាក់ទ័រ ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ ។

​គេ​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​មេ​ឈ្មួញ​ទំនិញ​បារី​នេះ  ឬ​ឈ្មោះ​កម្មករ​ដឹក​ជញ្ជូន ឬ​ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ណា​ម្នាក់​ទេ​ ។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​កម្លាំង​នគរបាល​វរៈ​ការពារ និង​កម្លាំងយោធា ជា​អ្នកគ្រប់គ្រង​សម្ភារ និង​វត្ថុ​តាង​ដែល​បាន​រឹបអូស ​។    របាយ​​ការ​ណ៍​​បឋម​មួយ​ដែល​កោះសន្តិភាព​ទ​ទួ​ល​​​បាន​បង្ហាញ​ថា វត្ថុ​តាង​ដែល​រឹបអូស​យក​បាន​រួម​មាន​៖    ១-​បារី​ចំនួន​៦០​ប៊ិក    ២-​រទេះ​​រុញ​ចំនួន​០៥​គ្រឿង   ៣-​កូន​ត្រាក់ទ័រ​០១​​គ្រឿង និង​៣-​ម៉ូតូ​ចំនួន​០៦​គ្រឿង   ប៉ុន្តែ​ជនល្មើស​បាន​រត់​រួច​ទាំងអស់ ​។

​ប្រភព​ព័​ត៌​មាន​បាន​រាយ​ការ​ណ៍​ថា  នៅ​ចំណុច​ដែល​ពួក​ជន​ទុច្ចរិត​បំរុង​នាំ​បារី​ឆ្លង​ដែន​នេះ​ជា «​ស្ពានឈើ​ឆ្លង​អូរ​ព្រំដែន​»  ហើយ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពី​ចំណុច​ស្ពាន​ឆ្លង​ដែល​កម្លាំង​​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​រត់ពន្ធ​«​បារី​»​នេះ កាលពី​ខែ​មុន ​។ ​កម្លាំង​ដែ​ល​ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​នូវ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់​នេះ​បាន​ឲ្យ​ដឹង​ថា  ក្រោយ​ពី​គ្រប់​គ្រង​វត្ថុ​តាង​បាន​មួយ​ដង្ហើមចង្រិត ​ពួក​គេ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ទំនិញ និង​មធ្យោបាយ​ដែល​រឹបអូស​បាន​ទាំងអស់​​ប្រគល់​ជូន​ទៅ​ខាង​អធិការ​ស្រុក​កំ​រៀង ដើម្បី​ចាត់ការ​បន្ត​ហើយ ​។

​អធិការ​ស្រុក​កំ​រៀង លោក វេ គឹ​មចត់ មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ  ពាក់ព័ន្ធ​នឹង​វត្ថុ​តាង​បទល្មើស ដែល​កម្លាំង​ការពារ​ព្រំដែន​ចាប់​ប្រគល់​ជូន​ខាងលើ​នេះ ដោយ​លោក​បាន​ឆ្លើយ​តប​យ៉ាង​​រដិបរដុប​តាម​ទូរស័ព្ទ​ថា  «​លោក​ស្ដាប់​អត់​បាន ឮ​សូរ​ដាច់​ៗ»​ ។

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ ដែល​លោក​អធិការ​រូប​នេះ «​ឆ្លើយ​រដិបរដុប ធ្វើ​ជា​ស្ដាប់​មិន​បាន​» ​ឲ្យ​តែ​អ្នក​សារ​ព័​ត៌​មាន​សួរនាំ​ប៉ះ​ចំ​រឿង​រសើប​ៗ ​។  នេះ​ជា​ទម្លាប់​របស់​លោក វេ គឹ​មចត់  ដែល​តែង​រក​លេស​​ផ្ដល់​ចម្លើយ​បែប​គ្មាន​ការ​ទ​ទួល​ខុស​ត្រូវ   ក្នុង​នាម ខ្លួន​ជា​អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​មួយ​នៅ​ក្នុងស្រុក​កំ​រៀង ​។

​សូម​បញ្ជាក់​ថា  មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​បទល្មើស​រត់ពន្ធ​មនុស្ស និង​ការ​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ហាក់​គ្មាន​ការ​ថមថយ​សោះ​។   ជា​ពិសេស ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ ស្រុក​កំ​រៀង​នេះ​តែ​ម្ដង ដែល​កំពុង​លេច​ធ្លោរ​​ជាងគេ បើ​ទោះជា​ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន តាម​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្ដី​ ។  

​បទល្មើស​រត់ពន្ធ​ឆ្លង​ដែន​ខុសច្បាប់​ដែល​ពួក​ជន​ទុច្ចរិតនាំ​ចេញ​ជា​ញឹក​ញាប់​​បំផុត គឺ​នាំ​មនុស្ស​​ឆ្លង​ដែន និង​ការ​រត់ពន្ធ​បារី​ ។  កន្លង​ទៅ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុតឱ្យ​​អាជ្ញាធរ​គ្រប់​បណ្ដា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ដែល​​ឈរជើង​កា​ពារ​ព្រំដែន​កម្ពុជា​-​ថៃ   ត្រូវ​បិទឱ្យ​​ជិតឈឹង​គ្រប់​ច្រកល្ហក​ទាំងអស់ ​មិន​អនុញ្ញាត​​ឲ្យ​មាន​ទំនិញ​ឆ្លង​ដែន​ឡើយ​ ។

លើស​ពី​នេះ ​ក៏​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ​ ។   ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បទបញ្ជា​របស់​រាជរដ្ឋាភិបាល​«​សាប​ដូច​ទឹកទន្លេ​»​ ។ ​បទល្មើស​កើនឡើង​ទ្វេ​ដង​ ។ ​ក្រុម​ឈ្មួញ​រត់ពន្ធ​ទំនិញ  និង​រត់ពន្ធ​មនុស្ស កាន់តែ​ផ្គើន​នឹង​បទបញ្ជា  រីឯ​ផែនការ​ទប់ស្កាត់​របស់​អាជ្ញាធរ​ស្រុក ខេត្ត ហាក់​បង្ហាញ​នូវ​ភាព​ទន់ខ្សោយ   មិន​ច្បាស់លាស់​ ។  និយាយ​កើត  តែ​ធ្វើ​មិន​បាន​ ។   ខ្វះ​ការ​​ទ​ទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​អង្គប្រជុំ ដែល​លោក​ប្រមុខ​ខេត្ត​ធ្លាប់​ព្រមាន​ថា  «​បើ​បទល្មើស​ដដែល​ៗ​នេះ កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ណា  លោក​ចៅហ្វាយស្រុក​នោះ ត្រូវ​តែ​ទ​ទួល​ខុស​ត្រូវ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ ឬ​ចំពោះ​មុខ​ច្បាប់​»​ ។

​ផ្ទុយ​ទៅ​វិញ​ ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ព្រមាន​នេះ គ្រាន់តែ​ជា​ការ​និយាយ​បែប «​ប្រជា​ភិ​ថុ​ត​» តែ​ប៉ុណ្ណោះ  ខណៈ​បទល្មើស​ដដែល​ៗនៅ​តែ​កើតឡើង​ដដែល​ៗ​យ៉ាង​រលូន​ដូច​មាន​អ្នក​បើកផ្លូវ​ ។ ​ជា​ពិសេស នៅ​ស្រុក​កំ​រៀង ដែល​គេ​មើលឃើញ​គ្រប់​គ្នា​ថា  បច្ចុប្បន្ន​នេះ ទាំង​បទល្មើស​រត់ពន្ធ​ «​មនុស្ស» ទាំង​បទល្មើស​រត់ពន្ធ​ទំនិញ​ «​បារី​» ត្រូវ​ពួក​ឈ្មួញ​ទុច្ចរិត​ព្យាយាម​នាំ​ឆ្លង​ដែន​យ៉ាង​គ​គ្លើ​ន  ប៉ុន្តែ​​សំណាងល្អ មួយ​ចំនួន​ធំ​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​បង្ក្រាប​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ