ខេត្តមណ្ឌលគិរី ៖ យុវជនពីររូបបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២២-១២៣ ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង ៧:១២នាទីព្រឹក មានករណីបុកគ្នារវាង រថយន្ត៖ ម៉ាក FORD RANGER XLT ពណ៌ស ពាក់ស្លាកលេខ មណ្ឌលគិរី 2A-2222 បើកបរដោយឈ្មោះ ស៊ាង រ៉ាវី ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ (ពុំមានរបួស)។ចំណែកភាគីខាងម៉ូតូ ម៉ាកអុិចសិធ័រ (Exciter) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចិត្ត សុចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ឈ្មោះ ខន ធៀវ ភេទប្រុស អាយុ ១៦ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីទាំងពីរបានធ្វើចរាចរណ៍ក្នុងទិសដៅបញ្ច្រាសទិសគ្នា។ ខណៈមកដល់ចំណុចកើតហេតុ រថយន្ត Ford Ranger បានបត់ឆ្វេងឆ្លងផ្លូវផុតគំនូសលឿងដើម្បីចូលចាក់ប្រេងក្នុងស្ថានីយ CALTEX ស្រាប់តែមានម៉ូតូអុិចសិធ័រដែលបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តចំពីមុខពេញទំហំ បណ្តាលឱ្យដួលបោកស្លាប់យុវជនទាំង ២នាក់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែង។ បច្ចុប្បន្ន សពជនរងគ្រោះទាំង ២រូប ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន។
ដោយឡែក មធ្យោបាយធ្វើដំណើរទាំងរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ករណីនេះ ក៏ជាសារដាស់តឿនដល់អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ជាពិសេសការកម្រិតល្បឿននៅតាមទីប្រជុំជន ដើម្បីជៀសវាងនូវសោកនាដកម្មដែលនឹកស្មានមិនដល់៕



ចែករំលែកព័តមាននេះ