ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកជាផ្លែឈើដ៏ពេញនិយមព្រោះសម្បូរជីវជាតិ និងតម្លៃសមរម្យ ប៉ុន្តែការជ្រើសរើសចេកឱ្យបានល្អ មិនមែនមើលត្រឹមតែសំបកពណ៌លឿងស្អាតនោះឡើយ។
ចេកដែលទុំតាមធម្មជាតិ ជារឿយៗមានពណ៌លឿងមិនស្មើគ្នា លាយពណ៌បៃតងបន្តិចនៅត្រង់ទង ឬមានស្នាមអុជក្រហមនៅលើសំបក ខណៈដែលចេកផ្អាប់គីមីមានសំបកពណ៌លឿងទុំស្អាតខុសប្រក្រតី តែសាច់ខាងក្នុងរឹង និងមិនសូវមានក្លិនឈ្ងុយ។ ពេលជ្រើសរើសទិញ អ្នកគួរពិនិត្យមើលទងចេកដែលនៅរឹងល្អ មានពណ៌បៃតងខ្ចី ឬលឿងស្រាល ចៀសវាងទងដែលខ្មៅរលួយ ឬទងបៃតងដាច់ខាតតែសំបកលឿងទុំ ព្រោះវាអាចជាចេកបង្ខំឱ្យទុំ។ ជាងនេះទៅទៀត គួរជ្រើសរើសផ្លែណាដែលមានរាងកោងស្អាត សាច់ពេញណែនល្អ មិនស្គមមានជ្រុងច្រើន ដែលជាសញ្ញានៃចេកខ្ចី និងមិនត្រូវទិញផ្លែដែលមានស្នាមទង្គិចខ្លាំង ឬប្រេះសំបកឡើយ ព្រោះវាងាយនឹងរលួយ និងមានបាក់តេរីជ្រៀតចូល។
ក្រោយពេលទិញមក មិនគួរដាក់ចេកក្នុងទូទឹកកកទាំងនៅខៀវនោះទេ គឺត្រូវទុកនៅកន្លែងមានខ្យល់ចេញចូល ហើយអាចប្រើប្លាស្ទិកមូររុំខ្ទប់ត្រង់ទង ដើម្បីជួយរក្សាទុកចេកឱ្យបានយូរ និងមិនងាយទុំជោរលឿនពេក៕
ចែករំលែកព័តមាននេះ