ទីក្រុងតូក្យូ ៖ រដ្ឋាភិបាលជប៉ុនកំពុងតែពិចារណានាំចេញប្រព័ន្ធមីស៊ីល Type 88 ការពារឆ្នេរប្រឆាំងនឹងនាវាដ៏ទំនើបរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន។ នេះបើតាមប្រភពជិតស្និទ្ធនឹងរឿងនេះបានបង្ហើបនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ និងត្រូវបានចេញផ្សាយដោយសារព័ត៌មានជប៉ុន Mainichi ។
លទ្ធភាពនៃការនាំចេញអាវុធដ៏ទំនើបនេះ កើតឡើងបន្ទាប់ពីជប៉ុនបានធ្វើការកែសម្រួលគោលនយោបាយសន្តិនិយមជាប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៦ ស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ក៏ដូចជាគោលការណ៍ណែនាំអនុវត្ត ដោយបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធប្រល័យលោកទៅកាន់ប្រទេសជាដៃគូ។
ជប៉ុន និងហ្វីលីពីនកំពុងមានគោលបំណងពង្រឹងចំណងមិត្តភាពសន្តិសុខ ចំពេលមានការកើនឡើងឥទ្ធិពល និងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានប្រាប់អ្នកយកព័ត៌មានថា មិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ទាក់ទងនឹងការនាំចេញមីស៊ីលដែលអាចកើតមាន។
ដោយសំដៅទៅលើកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាកាន់តែប្រសើរឡើង ដែលសម្រេចបាននៅទីក្រុងម៉ានីល (Manila) កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro នោះ លោក Koizumi បានបង្ហាញពីចេតនារបស់លោកក្នុងការសម្រេចចិត្តថាអ្វីដែលនឹងត្រូវនាំចេញនាពេលអនាគត។
លុះនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែកងកម្លាំងការពារខ្លួនរបស់ជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីល Type 88 អំឡុងពេលសមយុទ្ធប្រចាំឆ្នាំ «Balikatan» រវាងសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះហ្វីលីពីន។
ក្រៅអំពីប្រព័ន្ធមីស៊ីល Type 88 នោះ ជប៉ុន និងហ្វីលីពីន ក៏កំពុងស្ថិតក្នុងកិច្ចចរចាលើការនាំចេញនាវាពិឃាតថ្នាក់ Abukuma ដែលបានប្រើរួច ក៏ដូចជាកំពុងពិចារណានាំចេញប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសរយៈចម្ងាយមធ្យម Type 03 ដែលមានឈ្មោះថា Chu-SAM ដែលប្រើប្រាស់ដោយកងកម្លាំងការពារខ្លួនដីគោកផងដែរ៕


ចែករំលែកព័តមាននេះ